រាជរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យត្រៀមស្បៀងអាហារសំខាន់ៗសម្រាប់ស្ថានការណ៍អាក្រក់ដែលអាចនឹងកើតមានឡើង ខណៈដែលវីរុសCOVID-19 កំពុងរាតត្បាតពិភពលោក។
សេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី31មីនាកន្លងទៅ បានឱ្យដឹងថា “ក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលការឆ្លងជំងឺវីរុសCOVID-19នេះ ត្រូវជំរុញវិស័យកសិកម្មក្នុងស្រុកដែលជាចំណុចខ្លាំងរបស់កម្ពុជា។ ត្រូវស្តុកបម្រុងទុកនូវទំនិញយុទ្ធសាស្ត្រដូចជា អង្ករ និងអំបិល”។
ចំពោះអង្ករដែលជាស្បៀងយុទ្ធសាស្ត្ររបស់កម្ពុជា ក៏ត្រូវបានរាជរដ្ឋាភិបាលហាមមិនឱ្យនាំចេញ លើកលែងតែអង្ករក្រអូប ដោយបទបញ្ជានេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី5មេសា ឆ្នាំ2020 រហូតដល់មានសេចក្ដីប្រកាសថ្មី។ ក្រៅពីនេះ ទំនិញសំខាន់ៗមួយចំនួនផ្សេងទៀត ក៏ត្រូវបានរាជរដ្ឋាភិបាលណែនាំឱ្យយកចិត្តទុកដាក់ និងត្រៀមផងដែរ ដូចជាទឹកអាល់កុល និងម៉ាស់ជាដើម។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគCOVID-19 ចំនួន109ករណី ក្នុងនោះមាន23ករណីបានជាសះស្បើយ និង86ករណីកំពុងស្ថិតក្នុងការព្យាបាល។
នៅទូទាំងពិភពលោក មានអ្នកឆ្លងវីរុសCOVID-19 សរុប 858,669នាក់ ក្នុងនោះមាន178,099នាក់បានជាសះស្បើយ និង 42,151នាក់ កំពុងប្រឈមនឹងការស្លាប់៕