ប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាសអាសន្នទូទាំងប្រទេសអំពីវិបត្តិសុខភាពសាធារណៈ ដោយសារតែ COVID-19 ព្រមទាំងបានប្រកាសអំពីវិធានការនានា ដើម្បីជួយដល់ពលរដ្ឋដែលមានចំណូលទាបផងដែរ។
“យើងសម្រេចរឹតបន្តឹងទៅលើវិធានការនានាក្នុងសង្គមជាទ្រង់ទ្រាយធំ ដោយយោងទៅតាមមាត្រាទី6 នៃច្បាប់ស្ដីអំពីការត្រួតពិនិត្យផ្នែកសុខាភិបាលឆ្នាំ2018។ យើងក៏បានចេញបទបញ្ជារបស់រដ្ឋាភិបាលស្ដីអំពីការកំណត់មួយចំនួនក្នុងសង្គម ក៏ដូចជាបទបញ្ជារបស់ប្រធានាធិបតីអំពីស្ថានភាពអាសន្ន” ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo មានប្រសាសន៍បែបនេះ នៅក្នុងពេលប្រកាសអាសន្នទូទាំងប្រទេស ទៅលើ COVID-19 ក្នុងថ្ងៃនេះ។
ប្រធានាធិបតីឥណ្ឌូនេស៊ី អំពាវនាវឱ្យមេដឹកនាំតំបន់ និងមូលដ្ឋានទាំងអស់ ត្រូវគោរពទៅតាមការកំណត់ដែលកំពុងមានសុពលភាព ចៀសវាងការចេញបទបញ្ចេញដោយឡែកបន្ថែមទៀត។ លោកប្រធានាធិបតី Widodo ក៏បានឱ្យដឹងថា លោកបានបញ្ជាឱ្យកងកម្លាំងនគរបាល ចាប់ផ្ដើមអនុវត្តដោយស្របច្បាប់នូវបទបញ្ជានេះ ប៉ុន្តែលោកមិនបានបកស្រាយអំពីវិធានការដែលសមត្ថកិច្ចអាចនឹងអនុវត្តនោះដែរ។
លោក Widodo ក៏បានប្រកាសអំពីវិធានការជំនួយដល់ពលរដ្ឋមានប្រាក់ចំណូលទាប ដែលរងផលប៉ះពាល់ពី COVID-19 ក៏ដូចជាពីបទបញ្ជារបស់រដ្ឋាភិបាលផងដែរ ក្នុងនោះមានដូចជាការបង្កើនសេវាសុខុមាលភាពសង្គម ជំនួយជាស្បៀងអាហារ បញ្ចុះតម្លៃអគ្គិសនី និងលើកលែងពន្ធជាដើម។
ឥណ្ឌូនេស៊ី គឺជាសម្បុកមេរោគ COVID-19 ធំជាងគេលំដាប់ទី4 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានមនុស្សជាង1,400នាក់បានឆ្លងមេរោគ ប៉ុន្តែ ប្រទេសនេះ ក៏ជាទឹកដីដែលមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ច្រើនជាងគេបង្អស់ក្នុងតំបន់នេះផងដែរ ដោយមានអ្នកស្លាប់ដល់ទៅ122នាក់៕
ប្រភព៖ សារព័ត៌មានបរទេស