ចំនួនអ្នកឆ្លងមេរោគកូវីដ-19 កើនធ្លុះដល់រាប់សែននាក់ ក្នុងរយៈពេលត្រឹមតែ 2ខែប៉ុណ្ណោះ ការណ៍នេះបញ្ជាក់បានយ៉ាងច្បាស់ថា ប្រទេសអ៊ីតាលីកំពុងបានទទួលមេរៀនដ៏សែនឈឺចាប់ ពីការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ហើយអ្នកជំនាញការជនជាតិចិន ដែលធ្លាប់ជួបនឹងវាសនាកម្មបែបដូចគ្នានេះពីមុនមក បានចេញមកចង្អុលបង្ហាញថា អ៊ីតាលីត្រូវងាកមកបង្ខាំងអ្នកជំងឺគ្រប់រូប ទោះជាមានអាការបន្តិចបន្តួចក៏ដោយ និងមិនគួរអនុញ្ញាតឱ្យពួកគេត្រឡប់ទៅបង្ខាំងខ្លួនឯងនៅឯផ្ទះឡើយ ព្រោះនេះជាទង្វើដែលមហានាគចិនធ្លាប់បានខុសឆ្គងពីមុនមក រហូតដល់ត្រូវខាតបង់យ៉ាងសែនធ្ងន់ធ្ងរ។
លោកវេជ្ជបណ្ឌិត លៀង សុង អាន់ ប្រធានផ្នែកប្រព័ន្ធផ្លូវដង្ហើម នៃមន្ទីពេទ្យ សេឈួន បានទទួលស្គាល់ថា ក្រុមគណៈគ្រូពេទ្យនៅក្នុងទីក្រុងវូហាន ធ្លាប់បានធ្វើខុសឆ្គងបែបដូចគ្នានេះរួចមកហើយ ក្នុងអំឡុងពេលដំបូងៗរបស់ការឆ្លងរាលដាល។ ដោយពីដំបូង មន្ទីរពេទ្យផ្សេងៗ នឹងទទួលតែអ្នកជំងឺដែលមានអាការធ្ងន់ធ្ងរប៉ុណ្ណោះ ចំណែកអ្នកជំងឺដែលមានអាការបន្តិចបន្តួច គណៈគ្រូពេទ្យនឹងណែនាំឱ្យត្រឡប់ទៅបង្ខាំងខ្លួនឯងនៅឯផ្ទះ ដើម្បីកាត់បន្ថយភាពតានតឹងខាងប្រព័ន្ធសាធារណៈសុខាភិបាលរបស់ទីក្រុងវូហាន ដែលទ្រាំទ្របន្ទុកលែងរួច។
នៅពេលនោះនៅមិនទាន់បានដឹងជាទូទៅគ្រប់គ្នាថា អ្នកឆ្លងមេរោគមួយចំនួន ស្ទើរតែគ្មានបង្ហាញអាការជំងឺអ្វីទាំងអស់ តែពេលនេះពួកអ្នកវិទ្យាសាស្ត្របានដឹងហើយថា អ្នកដែលមានអាការបន្តិចបន្តួច និងបានទទួលការណែនាំឱ្យទៅបង្ខាំងខ្លួននៅតែក្នុងផ្ទះនោះ បានក្លាយជាបុគ្គលដែលប្រថុយប្រថានក្នុងការចម្លងមេរោគទៅសមាជិកក្នុងគ្រួសារដោយខ្លួនឯង ដូចគ្នានឹងអ្នកឯទៀតដែលនៅក្រៅផ្ទះដែរ បើសិនជាអ្នកផ្ទុកមេរោគមួយចំនួននៅតែធ្វើដំណើរទៅណាមកណាតាមប្រក្រតីនោះ។
លោក ម៉ៃ រ៉ៃអាន់ នាយកគ្រប់គ្រងផ្នែកគ្រោងការក្នុងគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក បានប្រាប់ថា “ដោយសារតែវិធានការបិទទីក្រុង ករណីការចម្លងមេរោគភាគច្រើនដែលកើតឡើងមែនទែនក្នុងប្រទេសជាច្រើនក្នុងពេលនេះ វាកើតឡើងក្នុងកម្រិតគ្រួសារ” លោកបន្តថា “យើងចាំបាច់ត្រូវតែចុះទៅមើលនៅតាមផ្ទះគ្រួសារនីមួយៗ ដើម្បីស្វែងរកអ្នកសង្ស័យថាបានឆ្លងមេរោគ និងនាំមនុស្សទាំងនោះទៅបង្ខាំងជំងឺនៅកន្លែងដែលមានសុវត្ថិភាព និងមានកិត្តិយស”។
Corriere della sera សារព័ត៌មានប្រចាំថ្ងៃរបស់អ៊ីតាលី បានរាយការណ៍កាលពីថ្ងៃចន្ទ(ទី30មីនា)ថា តាមរយៈការចូលបង្ក្រាបកាលពីថ្ងៃសៅរ៍(ទី28មីនា)បានរកឃើញប្រជាជនប្រពឹត្តល្មើសនឹងវិធានការបិទទីក្រុងក្នុងចំនួនដ៏ច្រើន ក្នុងនោះរួមទាំងអ្នកឆ្លងមេរោគប្រមាណជា 50នាក់ទៀតផង ដែលការពិតទៅ មនុស្សទាំងនោះ គួរតែមានការបង្ខាំងខ្លួនឯងនៅតែក្នុងផ្ទះ មិនមែនដើរលេងតាមផ្លូវថ្នល់សេរីបែបនេះទេ។
វូហាន ចាប់ផ្ដើមបង្ខាំងអ្នកឆ្លងមេរោគដែលមានអាការបន្តិចបន្តួច គ្រប់ករណីនៅតាមទីស្នាក់ការ ទីលានបាល់ទាត់ និងកន្លែងហាត់ប្រាណធំៗ ដែលកែច្នៃទៅជាមន្ទីរពេទ្យបណ្ដោះអាសន្នក្នុងអំឡុងដើមខែកុម្ភៈ។ ជាសកម្មភាពដែលជួយកាត់បន្ថយការឆ្លងរាលដាលមេរោគបានយ៉ាងឆាប់រហ័ស រហូតទាល់តែគ្រប់គ្រងការឆ្លងរាលដាលបានសម្រេច។ ព័ត៌មានជាផ្លូវការចុងក្រោយបំផុត៖ បានរកឃើញអ្នកឆ្លងមេរោគថ្មី ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ខុសពីប្រទេសផ្សេងៗ ដែលមានចំនួនកាន់តែកើនឡើងជារឿយៗ។
លោកវេជ្ជបណ្ឌិត លៀង ប្រាប់ថា ក្រុមការងាររបស់លោក បានណែនាំឱ្យប្រទេសអ៊ីតាលីធ្វើតាមចិន ក្នុងការបង្ខំអ្នកជំងឺដែលមានអាការរោគបន្តិចបន្តួចឱ្យចាកចេញពីគ្រួសារ ព្រោះនៅក្នុងប្រទេសចិន លទ្ធផលនៃការសិក្សាស្រាវជ្រាវ បានរកឃើញថា នៅក្នុងមណ្ឌលមួយ 80%នៃក្រុមឆ្លងមេរោគ មានប្រភពឆ្លងពីអ្នកជំងឺដែលបានទទួលការណែនាំឱ្យត្រឡប់ទៅបង្ខាំងជំងឺនៅផ្ទះ។
ទោះជាក្រុមគ្រួសាររបស់ប្រជាជនទូទៅនៅក្នុងប្រទេសអ៊ីតាលី ស្នាក់អាស្រ័យនៅក្នុងអគារអាផាតមិនត៍ដែលមានភាពធំទូលាយជាងនៅក្នុងទីក្រុងវូហានមែនក៏ដោយ តែលោកវេជ្ជបណ្ឌិត លៀង បានប្រាប់ថា វាចាប់ផ្ដើមបង្ហាញភ័ស្តុតាងកាន់តែច្បាស់ឡើងៗជារឿយៗថា ទូទាំងគ្រួសារច្រើនតែឆ្លងមេរោគពីអ្នកជំងឺត្រឹមតែម្នាក់គត់ ដែលស្ថិតនៅកណ្ដាលពួកគេ ទោះជាព្យាយាមបង្ខាំងខ្លួនឯងនៅក្នុងបន្ទប់ដាច់ដោយឡែកតែឯងក៏ដោយ។
“យើងមិនអាចនិយាយបានថា វិធានការបង្ខាំងជំងឺនៅផ្ទះរបស់អ៊ីតាលីជារឿងត្រូវ ឬខុសឡើយ ព្រោះប្រទេសនីមួយៗមានយន្តការរបស់ខ្លួនឯង តែយើងបានរកឃើញបញ្ហាខ្លះៗ” លោក លៀវ នីង អ្នកវិភាគមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគឆ្លងរបស់ចិន ជាផ្នែកមួយរបស់ក្រុមការងារ បានថ្លែង និងបង្ហើបឱ្យដឹងថា ពួកអ្នកជំនាញការអ៊ីតាលីខ្លួនឯង ក៏មិនអាចឆ្លើយបានដែរថា មានក្រុមអ្នកឆ្លងមេរោគច្រើន-តិចប៉ុនណា ដែលមានប្រភពកំណើតមកពីការបង្ខាំងជំងឺនៅក្នុងផ្ទះ។
ទីក្រុងមីឡាន ចាប់ផ្ដើមកែច្នៃសណ្ឋាគារជាច្រើនឱ្យទៅជាមជ្ឈមណ្ឌលបង្ខាំងជំងឺ សម្រាប់អ្នកជំងឺដែលមានអាការបន្តិចបន្តួច មួយនៅក្នុងចំណោមនោះ គឺជាសណ្ឋាគារខ្នាត 306បន្ទប់ ដែលត្រៀមនឹងប្រើការបានក្នុងសប្ដាហ៍នេះ និងត្រូវបានកែច្នៃទុកឱ្យអ្នកជំងឺ បំបែកខ្លួនចេញពីក្រុមគ្រួសារក្នុងអំឡុងការបង្ខាំងជំងឺ។
តួលេខអ្នកស្លាប់របស់ប្រទេសអ៊ីតាលីហក់ឡើងហួស 11,000នាក់ ខ្ពស់បំផុតក្នុងពិភពលោក និងមានអត្រាស្លាប់ច្រើនស្លាប់ជាងចិនជាង 2ដង ទោះជាមានការសង្ស័យថា តួលេខជាផ្លូវការរបស់ចិននេះ ជាព័ត៌មានពិតមែន ឬយ៉ាងណាក៏ដោយ។
ប្រធានគណៈកម្មការគ្រាអាសន្នរបស់ប្រទេសអ៊ីតាលី ប្រាប់ថា ចំនួនអ្នកឆ្លងមេរោគនៅក្នុងប្រទេស អាចច្រើនជាងតួលេខផ្លូវការ 10ដង តែខណៈពេលជាមួយគ្នា វាក៏ទាញឱ្យអត្រាការស្លាប់របស់ប្រទេស មានភាពស្មើគ្នានឹងប្រទេសផ្សេងៗដែរ។
លោកវេជ្ជបណ្ឌិត លៀង យល់ឃើញថា ចំនួនអ្នកស្លាប់ដែលខ្ពស់ ភាគច្រើនដោយសារតែអ៊ីតាលី ជាប្រទេសដែលមានចំណែកពលរដ្ឋវ័យចំណាស់ស្ថិតក្នុងកម្រិតខ្ពស់។ អ្នកខ្លះមិនព្រមទៅជួបគ្រូពេទ្យ ក្រោយមានលទ្ធផលពិនិត្យចេញមកថា វិជ្ជមាន និងបានស្លាប់នៅក្នុងផ្ទះ។ ចំណែកនៅឯប្រទេសចិន អ្នកស្លាប់ចំនួនដ៏ច្រើន មិនបានរាយកាណ៍ ដោយសារតែមន្ទីរពេទ្យនានាដែលណែនតាន់តាប់នៅក្នុងតំបន់ហ៊ូពេយ លែងអាចទទួលអ្នកជំងឺឱ្យដេកព្យាបាលបាន ទោះជាមនុស្សទាំងនោះ មានលទ្ធផលពិនិត្យកូវីដ-19 ចេញមក “វិជ្ជមាន” ក៏ដោយ៕
ប្រភព៖ សារព័ត៌មានបរទេស