អភិបាលរដ្ឋ New York លោក Cuomo អំពាវនាវសុំជំនួយផ្នែកសុខាភិបាលជាបន្ទាន់ ខណៈដែលចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទីនេះ បានកើនឡើងលើស1,200ករណី។
“សូមមេត្តាចូលមកជួយ New York ជាបន្ទាន់។ យើងបានបាត់បង់មនុស្សជាង1,000នាក់ហើយ។ ចំពោះខ្ញុំ គឺយើងបានឆ្លងមកដល់ចំណុចដែលលើសពីការគួរឱ្យខ្លាចទៅហើយ” អភិបាលរដ្ឋ New York លោក Andrew Cuomo មានប្រសាសន៍កាលពីថ្ងៃទី30មីនាកន្លងទៅ។
លោកអភិបាលរូបនេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសCOVID-19 នៅក្នុងរដ្ឋដែលលោកកាន់កាប់ គឺបានកើនជាង250នាក់បន្ថែមទៀតក្នុងរយៈពេលតែមួយថ្ងៃ ធ្វើឱ្យអ្នកស្លាប់សរុបឡើងដល់ជាង1,200នាក់។ លោក Cuomo ថ្លែងថា រដ្ឋ New York ត្រូវការបុគ្គលិកសុខាភិបាលប្រមាណជាង1លាននាក់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាវិបត្តិសុខភាពនាបច្ចុប្បន្ន។ មន្ត្រីអាមេរិកាំងជាច្រើនរូបក៏បានព្រមានថា ស្ថានភាពនៅ New York នាពេលនេះ អាចជាសេណារីយ៉ោមួយដែលរដ្ឋផ្សេងៗទៀតនឹងត្រូវជួបប្រទះនាពេលដ៏ខ្លីខាងមុខ។
នៅមុនពេលអភិបាលរដ្ឋ New York បានអំពាវនាវដូចខាងលើ ក្រុមអ្នកជំនាញ រួមនឹងក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលជិត80,000នាក់នៅ New York បានស្ម័គ្រចិត្តចូលរួមធ្វើ “សង្គ្រាម” ប្រឆាំងនឹង COVID-19។ នាវាមន្ទីរពេទ្យ USNS Comfort ដែលមានគ្រែសម្រាប់អ្នកជំងឺចំនួន1,000គ្រែ ក៏ត្រូវបានបញ្ជូនទៅកាន់រដ្ឋនេះ កាលពីថ្ងៃទី30មីនាកន្លងទៅ ដើម្បីជួយកាត់បន្ថយស្ថានភាពលើសចំណុះរបស់បណ្ដាមន្ទីរពេទ្យក្នុងតំបន់។
នៅឯរដ្ឋ California វិញ ក្រុមមន្ត្រីក៏បានស្នើសុំដូចខាងលើនេះដែរ ដើម្បីដោះស្រាយបញ្ហា នៅពេលដែលចំនួនអ្នកជំងឺត្រូវចូលព្យាបាល បានកើនឡើងទ្វេដងក្នុងរយៈពេលត្រឹម4ថ្ងៃមកនេះ ហើយអ្នកជំងឺដែលត្រូវព្យាបាលជាពិសេស បន្ទាន់ក៏បានកើនឡើងជាង3ដងផងដែរ។
នេះគឺជាសញ្ញាបង្ហាញថា “សង្គ្រាម” ប្រឆាំងនឹង COVID-19 នឹងបន្តអូសសន្លាយពេលយូរតទៅទៀត ខណៈដែលវីរុសនេះបានរាលដាលដល់ប្រទេស និងដែនដីចំនួន200 នៅទូទាំងពិភពលោក ក្នុងនោះសហរដ្ឋអាមេរិកគឺជាសម្បុកមេរោគធំបំផុត។ ពលរដ្ឋអាមេរិកាំងប្រមាណជា235លាននាក់ ស្មើនឹង2/3នៃប្រជាជនសរុប កំពុងរស់នៅក្នុងបម្រាមគោចរ៕
ប្រភព៖ សារព័ត៌មានបរទេស