អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់ប្រទេសចិន(CDC) បានថ្លែងថា ការជំរុញឱ្យប្រជាជនពាក់ម៉ាស់អនាម័យការពារ ពេលចេញទៅក្រៅផ្ទះ មានចំណែកជួយទប់ស្កាត់ការចម្លងសាយភាយរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីបានច្រើនណាស់ ហើយការដែលពលរដ្ឋនៅក្នុងប្រទេសអាមេរិក និងអឺរ៉ុប មើលរំលងវិធានការដ៏ងាយៗនេះ គឺជា “ភាពខុសឆ្គងដ៏ធ្ងន់ធ្ងរ” ដែលបានធ្វើឱ្យចំនួនអ្នកឆ្លងមេរោគនៅទីនោះ កើនឡើងយ៉ាងឆាប់រហ័ស។
សារព័ត៌មាន សៅ ឆាយណា ម៉រនីង ផូស្ត បានអះអាងពីការយល់ឃើញរបស់លោក កៅ ហ៊្វូ អគ្គនាយក CDC របស់ចិន ដែលបានផ្ដល់បទសម្ភាសជាមួយទស្សនាវដ្តី Science Magazine ថា “កំហុសឆ្គងដ៏ធ្ងន់ធ្ងររបស់ប្រទេសអាមេរិក និងអឺរ៉ុប នៅក្នុងទស្សនៈរបស់ខ្ញុំ គឺការដែលប្រជាជន មិននាំគ្នានិយមពាក់ម៉ាស់អនាម័យការពារ”។
លោក កៅ អធិប្បាយថា លម្អងទឹកតូចល្អិតៗដែលចេញពីប្រព័ន្ធដកដង្ហើមរបស់មនុស្ស និងការប៉ះពាល់ជិតស្និទ្ធ គឺជាបច្ច័យចម្បងក្នុងការចម្លងរោគ “លម្អងទឹកតូចល្អិតៗមានតួនាទីក្នុងការចម្លងមេរោគអាក្រក់ណាស់ ដូច្នេះពួកអ្នក ត្រូវពាក់ម៉ាស់អនាម័យការពារ ព្រោះពេលដែលអ្នកនិយាយ នឹងមានលម្អងទឹកតូចល្អិតៗចេញមកពីក្នុងមាត់របស់អ្នកគ្រប់ពេលវេលា”។
លោក កៅ បន្ថែមថា អ្នកខ្លះ អាចនឹងមានមេរោគវីរុសនៅក្នុងខ្លួនដោយមិនបានឈឺថ្កាត់ ឬមិនទាន់បង្ហាញអាការឈឺថ្កាត់ ដូច្នេះ ម៉ាស់អនាម័យអាចជួយការពារលម្អងទឹកតូចល្អិតៗពីមនុស្សទាំងនោះ ដែលអាចធ្វើឱ្យមេរោគអាចចម្លងទៅបុគ្គលដទៃទៀតបាន។
ទោះជាស្ថានការណ៍ការឆ្លងរាលដាលនៅក្នុងប្រទេសចិន ពេលនេះអាចនិយាយបានថា ល្អប្រសើរឡើងច្រើនហើយក្ដី តែ CDC របស់ចិន នៅតែអំពាវនាវ និងណែនាំកាលពីថ្ងៃទី22 មីនាកន្លងទៅ ឱ្យប្រជាជនត្រូវតែពាក់ម៉ាស់អនាម័យការពារបន្តទៀត មិនថានៅក្នុងអូហ្វ៊ីស ក្នុងបន្ទប់ប្រជុំ ក្នុងបន្ទប់ជណ្ដើរយន្ត ឬខណៈពេលប្រើសេវាកម្មដឹកជញ្ជូនសាធារណៈក៏ដោយ តែមិនចាំបាច់ពាក់ពេលនៅក្នុងផ្ទះ នៅក្នុងទីកន្លែងដែលធំស្រឡះៗ ឬក្នុងស្ថានភាពបរិស្ថានដែលមានខ្យល់អាកាសបក់ចេញចូលល្អ និងមិនមានមនុស្សច្រើនកុះករក៏បាន។
យ៉ាងណាក៏ដោយ ពាក្យណែនាំទាំងនេះ ហាក់ដូចជាផ្ទុយគ្នាពីការយល់ឃើញរបស់អង្គការសុខភាពពិភពលោក(WHO) ដែលបានបញ្ជាក់ថា ឱ្យមនុស្សពាក់ម៉ាស់អនាម័យការពារតែនៅពេលណាដែលមានអាការក្អក ឬកណ្ដាស់ ឬនៅពេលត្រូវនៅមើលថែទាំជិតអ្នកដែលត្រូវបានសង្ស័យថា ឆ្លងមេរោគកូវីដ-19 តែប៉ុណ្ណោះ។
ចំណែកឯក្រសួងសាធារណៈសុខាភិបាលរបស់ប្រទេសសិង្ហបុរី ក៏បានណែនាំដល់ប្រជាជនរបស់ខ្លួនដែរថា មិនចាំបាច់ត្រូវពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ចនោះទេ លើកលែងតែ ពេលមានអាការមិនស្រួលខ្លួន មានគ្រុនក្ដៅខ្លួន ក្អក ហៀរសម្បោរ ឬទើបនឹងជាសះស្បើយពីជំងឺផ្សេងៗតែប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌មានបរទេស