មេដឹកនាំក្នុងសង្គ្រាមប្រឆាំង COVID-19 របស់អេស្ប៉ាញ បានឆ្លងវីរុសបង្កជំងឺរលាកសួតប្រភេទថ្មី ក្នុងខណៈដែលចំនួនអ្នកឆ្លងមេរោគសរុបនៅប្រទេសនេះ បានកើនឡើងលើសពីប្រទេសចិន។
“ប្រធានមជ្ឈមណ្ឌលចាត់ចែងករណីបន្ទាន់របស់ក្រសួងសុខាភិបាលអេស្ប៉ាញ លោក Fernando Simon វិជ្ជមានជាមួយនឹង COVID-19 បន្ទាប់ពីបានធ្វើតេស្ត” Maria Jose Sierra ដែលជាអនុប្រធានរបស់លោក Simon ថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯរាជធានី Madrid កាលពីម្សិលមិញ។
លោកប្រធាន Simon គឺជាអ្នកដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង COVID-19 របស់រាជាណាចក្រអេស្ប៉ាញ និងជាអ្នកដែលតែងតែរក្សាទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី Pedro Sanchez។ ប្រភពព័ត៌មានមិនបានឱ្យដឹងថា បច្ចុប្បន្នសុខភាពរបស់លោកយ៉ាងណាហើយនោះទេ។
អនុប្រធាន Sierra បានប្រកាសថា បុគ្គលិកពេទ្យចំនួន12,298នាក់បានឆ្លងមេរោគCOVID-19 គឺស្មើនឹង14% នៃចំនួនអ្នកឆ្លងមេរោគសរុបរបស់ប្រទេសអេស្ប៉ាញ។ ក្រុមគ្រូពេទ្យបានឱ្យដឹងថា ពួកគេកំពុងខ្វះសម្ភារការពារខ្លួន។
អេស្ប៉ាញ បច្ចុប្បន្នបានក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារមេរោគCOVID-19 ច្រើនជាគេបង្អស់លំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីប្រទេសអ៊ីតាលី ដោយមានអ្នកស្លាប់ដល់ទៅ7,340នាក់។
COVID-19 បានចាប់ផ្ដើមឆ្លងរាលដាលពីប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019 ហើយបានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន199 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សចំនួន 741,030នាក់បានឆ្លងមេរោគ ក្នុងនោះមានអ្នកជំងឺ 35,114នាក់បានស្លាប់ និងជាង 28.000នាក់កំពុងប្រឈមនឹងការស្លាប់៕
ប្រភព៖ Reuters