បែលហ្សិក៖ ឆ្មា1ក្បាលបានឆ្លងវីរុសCOVID-19 បន្ទាប់ពីម្ចាស់របស់វា បានត្រឡប់មកពីប្រទេសអ៊ីតាលី នាំឱ្យវាក្លាយឆ្មាដំបូងគេបង្អស់ក្នុងពិភពលោក ដែលបានឆ្លង COVID-19 ពីមនុស្ស។
នាយកដ្ឋានសុខាភិបាលសាធារណៈ សុវត្ថិភាពអាហារ និងបរិស្ថានរបស់ប្រទេសបែលហ្សិក កាលពីថ្ងៃទី27មីនា បានប្រកាសថា ឆ្មា1ក្បាលរបស់ប្រទេសនេះបានឆ្លងវីរុសCOVID-19។ មួយសប្ដាហ៍បន្ទាប់ពីម្ចាស់របស់វាបានត្រឡប់មកពីប្រទេសអ៊ីតាលី ហើយបានឆ្លងវីរុសCOVID-19 ឆ្មានៅក្នុងផ្ទះនេះក៏ចាប់ផ្ដើមមានរោគសញ្ញាទាក់ទិននឹងផ្លូវដង្ហើម ដូចជាអាការរាក និងក្អួតចង្អោរ។ នេះបើតាមការឱ្យដឹងពី Steven Van Gucht អ្នកនាំពាក្យរបស់រដ្ឋាភិបាលបែលហ្សិក។
ម្ចាស់របស់ឆ្មាខាងលើ បានយកសំណាកវត្ថុវិភាគរបស់ឆ្មានេះ ផ្ញើទៅកាន់មន្ទីរពិសោធន៍របស់វេជ្ជបណ្ឌិត Daniel Desmecht នៅឯសាកលវិទ្យាល័យ Liege។ លទ្ធផលនៃការធ្វើតេស្ត បានរកឃើញថា សត្វឆ្មានេះមានផ្ទុកវីរុសCOVID-19 យ៉ាងច្រើននៅក្នុងសំណាកវត្ថុវិភាគខាងលើ។ Van Gucht បានឱ្យដឹងថា សត្វឆ្មានេះ មានសុខភាពល្អវិញខ្លះហើយ បន្ទាប់ពីបានព្យាបាលរយៈពេល9ថ្ងៃ។
ឆ្មា និងមនុស្ស ហាក់ដូចជាមានចំណុចពិសេសរួមមួយ នៅលើផ្ទៃនៃកោសិកាប្រព័ន្ធដង្ហើម នោះគឺទីតាំងដែល COVID-19 ប្រើដើម្បីជ្រែកចូល។ ចំពោះមនុស្ស ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា COVID-19 ភ្ជាប់ខ្លួនទៅនឹងប្រូតេអ៊ីនដែលមានឈ្មោះថា ACE2 ស្ថិតនៅខាងក្រៅកោសិកាផ្លូវដង្ហើម។ បន្ទាប់ពីបានជ្រែកចូល វីរុសនេះនឹងគ្រប់គ្រងយន្តការខាងក្នុងនៃកោសិកាដើម្បីបង្កើនចំនួនវីរុស(កើតកូនចៅដោយមិនបាច់មានញី-ឈ្មោល។ ប្រូតេអ៊ីន ACE2 របស់សត្វឆ្មា មានលក្ខណៈដូចច្រើនទៅនឹង ACE2 របស់មនុស្ស។ នេះបើតាមសម្ដីរបស់ Van Gucht។
កន្លងមកនេះ គេបានរកឃើញសត្វចិញ្ចឹមចំនួន2ក្បាលដែលបានឆ្លងវីរុសCOVID-19 ពីម្ចាស់របស់វាផងដែរ។ ករណីនេះគឺជាសត្វសុនក2ក្បាលនៅក្នុងទីក្រុងហុងកុង។
ក្រុមគ្រូពេទ្យខាងលើនិយាយថា មកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយនិយាយអំពីសត្វចិញ្ចឹមចម្លងមេរោគដល់ម្ចាស់របស់វានោះទេ។ លោកបញ្ជាក់ថា ការឆ្លងមេរោគពីសត្វមកមនុស្ស មិនមែនជាវិធីចម្បងក្នុងការចម្លងមេរោគនោះទេ។ ដើម្បីស្វែងយល់ឱ្យបានច្បាស់ជាងនេះ គេត្រូវធ្វើការពិសោធន៍ស៊ីជម្រៅជាងនេះ បន្ទាប់ពីសត្វឆ្មាខាងលើបានឆ្លងផុតការដាក់ឱ្យនៅដោយឡែករយៈពេល14ថ្ងៃ៕
ប្រភព៖ Live Science