ប្រទេសកូរ៉េខាងត្បូង កំពុងតែពិចារណាទៅលើគម្រោងផ្ដល់ជំនួយជាសាច់ប្រាក់សុទ្ធ ជូនដល់បណ្ដាគ្រួសារដែលមានចំណូលទាបទាំងអស់ក្នុងប្រទេសនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលកើតឡើងដោយសារវីរុស COVID-19។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កាលពីថ្ងៃទី29មីនាកន្លងទៅ បានប្រកាសថា នឹងពិភាក្សាលម្អិតទៅលើជំនួយហិរញ្ញវត្ថុដែលនឹងផ្ដល់ជូនដល់គ្រួសារមានចំណូលទាបប្រមាណជា10លានគ្រួសារ ដែលជាផ្នែកមួយនៃវិធានការបន្ទាន់សម្រាប់ទប់ទល់នឹងវិបត្តិនានាដែលកើតឡើងដោយសារវិបត្តសុខភាព COVID-19នេះ។ យោងតាមគម្រោង គ្រួសារមួយដែលមានសមាជិក4នាក់ និងមានប្រាក់ចំណូលក្រោមមធ្យម នឹងអាចទទួលបានប្រាក់ជំនួយមួយលើក ប្រហែលជា1លានវ៉ុន(820ដុល្លារអាមេរិក)។ នេះបើតាមការឱ្យដឹងពីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកូរ៉េខាងត្បូង។
ប្រាក់ចំណូលមធ្យមនៅកូរ៉េខាងត្បូងនាបច្ចុប្បន្ន គឺ 3.75លានវ៉ុន (3,058ដុល្លារអាមេរិក) ចំពោះគ្រួសារដែលមានសមាជិក4នាក់ និង2.99លានវ៉ុន (2,365ដុល្លារអាមេរិក) ចំពោះគ្រួសារ1ដែលមានសមាជិក2នាក់ និង5.63លានវ៉ុន (4,592ដុល្លារ) ចំពោះគ្រួសារតែមានសមាជិក5នាក់។ ដូច្នេះ គ្រួសារដែលមានសមាជិកក្រោម4នាក់ អាចនឹងទទួលបានជំនួយក្រោម820ដុល្លារអាមេរិក។
កញ្ចប់ថវិកាជំនួយដែលមានទំហំទឹកប្រាក់ 6លានលានវ៉ុន (ជិត5ពាន់លានដុល្លារអាមេរិក)នេះ តាមគម្រោងនឹងត្រូវបានយកទៅពិភាក្សាក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គ្រោះបន្ទាន់ នៅក្នុងសប្ដាហ៍នេះ ដែលមានប្រធានាធិបតី Moon Jae-in ជាអធិបតី។
សេចក្ដីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលកូរ៉េខាងត្បូងបានរកឃើញអ្នកផ្ទុកមេរោគCOVID-19ថ្មី105ករណី រួមនឹងអ្នកស្លាប់8ករណីបន្ថែមទៀត នាំឱ្យតួលេខនៃអ្នកឆ្លងមេរោគនៅប្រទេសនេះ ឡើងដល់ 9,661 ករណី និងស្លាប់158ករណី។ ចំនួនអ្នកឆ្លងមេរោគថ្មីជារៀងរាល់ថ្ងៃនៅប្រទេសនេះ ជាមធ្យមមានចំនួន100ករណី ប៉ុន្តែអាជ្ញាធរកូរ៉េខាងត្បូងនៅតែបន្តរឹតបន្តឹងខ្លាំងទៅលើតំបន់ព្រំដែន ព្រោះថា ករណីឆ្លងវីរុសCOVID-19 “នាំចូល” ពីខាងក្រៅ បានកើនឡើងច្រើនជាងមុន។ យ៉ាងហោចណាស់មាន13នាក់ក្នុងចំណោមករណីឆ្លងថ្មីបំផុតនៅប្រទេសនេះ គឺជាអ្នកទេសចរបរទេស។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺ Korea Centers for Disease Control and Prevention (KCDC) របស់កូរ៉េខាងត្បូង។
កូរ៉េខាងត្បូង កាលពីថ្ងៃទី29មីនា បានប្រកាសថា ចាប់ពីថ្ងៃទី1មេសាខាងមុខនេះ រាល់ទេសចរបរទេសដែលមកកាន់ប្រទេសនេះ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល2សប្ដាហ៍។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីជិត200 ក្នុងពិភពលោក បន្ទាប់ពីបានរាលដាលនៅប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019 បណ្ដាលឱ្យមានមនុស្ស 723,740នាក់ត្រូវកើតរោគ ក្នុងនោះមាន34,018នាក់បានបាត់បង់ជីវិត និង152,042បានជាសះស្បើយ។
ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ច ជឿថា ឥទ្ធិពលដែល COVID-19 បង្កឡើងទៅលើសេដ្ឋកិច្ចពិភពលោក អាចធំជាង “មហាវិបត្តិ” សេដ្ឋកិច្ច (The Great Depression) ក្នុងទសវត្សរ៍ឆ្នាំ1930ទៅទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap និង Guardian៕
ប្រភព៖ សារព័ត៌មានបរទេស