សារព័ត៌មាន Independent របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា រកឃើញស្ត្រីចំណាស់ អ្នកស្រុកវូហានម្នាក់ អាយុ 103ឆ្នាំ គឺជាមនុស្សដែលមានវ័យច្រើនបំផុត ដែលបានយកឈ្នះមេរោគវីរុសកូរ៉ូណាប្រភេទថ្មី និងព្យាបាលជា បានត្រឡប់ទៅផ្ទះវិញហើយ។
លោកវេជ្ជបណ្ឌិត ស៊ឹង យូឡាន់ អ្នកព្យាបាលលោកយាយចាង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន Chutian Metropolis Daily ថា ស្ថិតិនៃការធូរស្បើយយ៉ាងឆាប់រហ័សរបស់មនុស្សដែលមានអាយុខ្ទង់រយឆ្នាំនេះ គឺមកពីលោកយាយគ្មានលក្ខខណ្ឌផ្នែកសុខភាពផ្សេងទៀត ក្រៅពីអាការមិនសូវជាធ្ងន់ធ្ងរប៉ុន្មានរបស់ជំងឺរលាកបំពង់ខ្យល់រ៉ាំរ៉ៃ។
លោកយាយជរា ចាង បានទទួលការវិនិច្ឆ័យថា បានឆ្លងមេរោគវីរុសកូវីដ-19 នៅឯមន្ទីរពេទ្យ លី យួន នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ តុង ជិ ក្នុងទីក្រុងវូហាន កាលពីថ្ងៃទី1 មីនាកន្លងទៅ និងបានទទួលការព្យាបាលរហូតដល់ជា ក្លាយជាបុគ្គលចំណាស់បំផុតដែលបានជាសះស្បើយពីជំងឺគ្រោះថ្នាក់នោះរហូតមកដល់បច្ចុប្បន្ន បន្ទាប់ពីលោកតា អាយុ 101ឆ្នាំម្នាក់ដែលជាសះស្បើយពីវីរុសនេះ នៅក្នុងវូហានដូចគ្នាកាលពីពេលមុន។
គួររំឭកដែរថា អ្នករស់នៅក្នុងទីក្រុងវូហានទាំង 11លាននាក់ ត្រូវបានបង្ខាំង(មិនឱ្យចេញទៅណា)តាំងពីចុងខែមករា។ ជំងឺនេះមានអ្នកឆ្លងមេរោគជាង 80,700នាក់នៅក្នុងប្រទេសចិន និងមានអ្នកស្លាប់ជាង 3,000នាក់៕
ប្រភព៖ សារព័ត៌មានបរទេស