រដ្ឋាភិបាលនៃប្រទេសអ៊ីតាលី អាចនឹងបន្តពន្យារសុពលភាពនៃបទបញ្ជាបម្រាមគោចរ ខណៈដែលតួលេខអ្នកស្លាប់បានកើនឡើងលើស10,000នាក់ ក្នុងចំណោមអ្នកជំងឺជិត100,000នាក់។
ប្រទេសអ៊ីតាលី កាលពីថ្ងៃទី29មីនា បានប្រកាសថា ប្រទេសនេះ មានអ្នកស្លាប់756ករណីបន្ថែមទៀត ធ្វើឱ្យតួលេខនៃអ្នកស្លាប់សរុបឡើងដល់10,779ករណី។ តួលេខអ្នកស្លាប់ថ្មីបានថយចុះបន្តិចក្នុងអំឡុង2ថ្ងៃជាប់ៗគ្នា បើធៀបនឹងចំនួនអ្នកស្លាប់919នាក់ក្នុងថ្ងៃទី27មីនា និង889នាក់ក្នុងថ្ងៃទី28មីនា។
អ៊ីតាលី បច្ចុប្បន្នជាប្រទេសដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងគេបង្អស់ក្នុងពិភពលោក ពោលគឺមានចំនួនដល់ទៅ1/3 នៃអ្នកស្លាប់សរុបទូទាំងពិភពលោក។
ក្នុងថ្ងៃទី29មីនាដដែល ប្រទេសអ៊ីតាលី បានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ជាង5,200ករណី ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគសរុប កើនដល់97,689ករណី ច្រើនជាងគេលំដាប់ទី2នៅក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមរិក។ មន្ត្រីអ៊ីតាលីបានឱ្យដឹងថា តួលេខពិតអាចមានច្រើនជាងតួលេខដែលបានប្រកាស ដោយសារបច្ចុប្បន្នប្រទេសនេះ ធ្វើតេស្តចំពោះតែអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណោះ ខណៈដែលមនុស្សរាប់ពាន់នាក់នៅឯផ្ទះរបស់ពួកគេ កំពុងរង់ចាំការធ្វើតេស្ត។
គិតមកដល់ថ្ងៃនេះ នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគCOVID-19 សរុប721,946នាក់ ក្នុងនោះមានអ្នកស្លាប់33,966នាក់ ជាសះស្បើយ151,312នាក់ និងកំពុងប្រឈមនឹងការស្លាប់មានដល់ទៅ26,789នាក់៕
ប្រភព៖ សារព័ត៌មានបរទេស