លោក Patrick Devedjian អាយុ75ឆ្នាំ ដែលជាអតីតរដ្ឋមន្ត្រីម្នាក់របស់ប្រទេសបារាំង បានក្លាយជាអ្នកនយោបាយជាន់ខ្ពស់ដំបូងបង្អស់របស់ប្រទេសនេះ បានស្លាប់ដោយសារ COVID-19។
Patrick Devedjian គឺជារដ្ឋមន្ត្រីទទួលបន្ទុកដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសបារាំង ក្រោយវិបត្តិហិរញ្ញវត្ថុឆ្នាំ2008។ លោកក៏ធ្លាប់ធ្វើជាទីប្រឹក្សាផ្ទាល់របស់អតីតប្រធានាធិបតីបារាំង Nicolas Sarkozy ផងដែរ។ អតីតរដ្ឋមន្ត្រីរូបនេះ បានប្រកាសថា លោកមានរោគសញ្ញាឆ្លង COVID-19 កាលពីថ្ងៃទី25មិនា។
លោក Devedjian ធ្លាប់បានកាន់កាប់តំណែងជាច្រើន តាំងពីបានចូលប្រលូកក្នុងឆាកនយោបាយចាប់ពីឆ្នាំ1983។ លោកក៏ធ្លាប់បានធ្វើជាអភិបាលក្រុង Antony មុនពេលចូលកាន់តំណែងប្រធានតំបន់ Haut-de-Seine នៅជាយក្រុងភាគខាងលិចនៃរដ្ឋធានីបារីស។
គិតមកដល់ពេលនេះ ប្រទេសបារាំង បានរកឃើញអ្នកជំងឺ COVID-19 ចំនួន38,105នាក់ ក្នុងនោះមាន 2,317នាក់បានបាត់បង់ជីវិត និងជិត6,000នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស