Thomas Schaefer ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់រដ្ឋ Hesse នៃប្រទេសអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា បានធ្វើអត្តឃាតព្រោះតែ “មានការបារម្ភជ្រុល” អំពីវិធានការទប់ទល់នឹងហានិភ័យដួលរលំនៃសេដ្ឋកិច្ចជាតិ ដោយសារតែ COVID-19។
Schaefer មានអាយុ54ឆ្នាំ ត្រូវបានប្រទះឃើញដេកស្លាប់នៅក្បែរផ្លូវរថភ្លើងមួយកន្លែងកាលពីថ្ងៃទី28មីនាកន្លងទៅ។ ការិយាល័យរដ្ឋអាជ្ញានៃតុលាការក្រុង Wiesbaden បានឱ្យដឹងថា ពួកគេជឿថា រដ្ឋមន្ត្រីរូបនេះ បានធ្វើអត្តឃាត។
“យើងពិតជាតក់ស្លុតខ្លាំងណាស់…។ យើងពិតជាមានការសង្វេគខ្លាំងណាស់” អភិបាលរដ្ឋ Hesse លោក Volker Bouffier មានប្រសាសន៍បែបនេះនៅក្នុងសេចក្ដីប្រកាសរបស់លោក បន្ទាប់ពីករណីខាងលើបានកើតឡើង។
លោក Bouffier បានឱ្យដឹងថា លោក Schaefer បានកាន់កាប់តំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃរដ្ឋ Hesse អស់រយៈពេល10ឆ្នាំមកហើយ។ លោកបានខិតខំប្រឹងប្រែង “មិនថាយប់ថ្ងៃ” ដើម្បីជួយដល់ក្រុមហ៊ុននានា និងកម្មករទូទៅ ក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់សេដ្ឋកិច្ចពី COVID-19។
អភិបាលរដ្ឋ Hesse បានថ្លែងថា “យើងជឿថា គាត់ពិតជាមានការព្រួយបារម្ភខ្លាំងណាស់។ នេះពិតជាដំណាក់កាលដ៏លំបាកដែលយើងត្រូវការមនុស្សដូចគាត់”។
Schaefer កន្លងមកនេះ ត្រូវបានគេយល់ថាជាអ្នកបន្តវេនរបស់អភិបាលរដ្ឋ Hesse គឺលោក Bouffier។ រដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះ បានលាចាកលោកនេះទៅ ដោយបន្សល់ទុកភរិយា និងកូន2នាក់ឱ្យរស់នៅដោយគ្មានស្វាមី និងឪពុក។
គិតត្រឹមម៉ោងនេះ ប្រទេសអាល្លឺម៉ង់ បានរកឃើញអ្នកផ្ទុកមេរោគCOVID-19 ចំនួន 58,247នាក់ និងស្លាប់ចំនួន455នាក់៕
ប្រភព៖ សារព័ត៌មានបរទេស