អ្នកផ្ទុកវីរុសCOVID-19 ដែលត្រូវបានព្យាបាលជាសះស្បើយ និងលែងមានអាការរោគ នៅតែអាចបញ្ចេញវីរុសក្នុងអំឡុងពេលពី1ថ្ងៃទៅ8ថ្ងៃបន្តទៀត។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីមន្ទីរពេទ្យ PLA នៃប្រទេសចិន និងសាកលវិទ្យាល័យវេជ្ជសាស្ត្រ Yale របស់សហរដ្ឋអាមេរិក បានរកឃើញថា ពាក់កណ្ដាលនៃអ្នកជំងឺCOVID-19 កម្រិតស្រាលដែលត្រូវបានព្យាបាលជាសះស្បើយ នៅតែមានផ្ទុកវីរុសនេះរហូតដល់8ថ្ងៃ ក្រោយពីលែងមានរោគសញ្ញា។ លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ ត្រូវបានចុះផ្សាយកាលពីថ្ងៃទី23មីនានៅលើទស្សនាវដ្ដី Respiratory and Critical Care Medicine របស់សមាគម American Thoracic Society នៅសហរដ្ឋអាមេរិក។
សាស្ត្រាចារ្យ Lixin Xie និងវេជ្ជបណ្ឌិត Lokesh Sharma រួមនឹងសហការី បានសិក្សាទៅលើអ្នកជំងឺCOVID-19ចំនួន16នាក់ ដែលព្យាបាលនៅមន្ទីរពេទ្យ PLA ក្នុងទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី28មករា ដល់ថ្ងៃទី9មីនា ឆ្នាំ2020។ អ្នកជំងឺទាំងនេះ មានវ័យជាមធ្យម 35.5ឆ្នាំ។ ក្រុមអ្នកវិទ្យាសាស្ត្របានពិសោធទៅលើសំណាកវត្ថុវិភាគរបស់អ្នកជំងឺ ដែលបានជាសះស្បើយ ដោយមានលទ្ធផលអវិជ្ជមាន2លើកបន្តបន្ទាប់គ្នានៅពេលធ្វើតេស្ត។
“របកគំហើញសំខាន់បំផុតពីការសិក្សាស្រាវជ្រាវរបស់យើងនោះគឺ ពាក់កណ្ដាលនៃអ្នកជំងឺ នៅតែបន្តបញ្ចេញវីរុស បើទោះពួកគេត្រូវបានព្យាបាលជាសះស្បើយពីអាការរោគ” នេះបើតាមប្រសាសន៍របស់វេជ្ជបណ្ឌិត Sharma មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Yale។ លោក Sharma បន្តថា “ករណីអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ អាចនឹងនៅតែបញ្ចេញវីរុសក្នុងរយៈពេលយូរ”។
ការសិក្សាស្រាវជ្រាវខាងលើនេះក៏បានបង្ហាញថា រយៈពេលនៃការសម្ងំលាក់ខ្លួនរបស់វីរុស ភាគច្រើនអូសបន្លាយពេល5ថ្ងៃ។ រយៈពេលដែលអ្នកជំងឺអាចចេញរោគសញ្ញា គឺ8ថ្ងៃ ហើយរយៈពេលដែលពួកគេនៅមានផ្ទុកវីរុសក្រោយពីលែងមានរោគសញ្ញា គឺចាប់ពី1ថ្ងៃដល់8ថ្ងៃ។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានសង្កាត់ធ្ងន់ថា ចំនួនអ្នកជំងឺដែលពួកគេបានវិភាគ គឺមានចំនួនតិចតួចពេក ហើយសុទ្ធតែជាអ្នកជំងឺដែលមានអាការរោគស្រាលៗ។ ពួកគេនិយាយថា ពួកគេត្រូវការសិក្សាបន្ថែមច្រើនជាងនេះទៀតដើម្បីទទួលបានលទ្ធផលសុក្រឹតជាងនេះ៕
ប្រភព៖ Phys.org