សេចក្តីថ្លែងអណរគុណរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ដែលប្រយុទ្ធនឹងវីរុសកូវីដ19៖
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់លោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំងអស់ ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរពេទ្យជាតិទាំងអស់ ជាពិសេសដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៅទូទាំងប្រទេស ដែលជាអ្នកប្រយុទ្ធជួរមុខ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា មានឆន្ទ:មុះមុតបំពេញភារកិច្ច ការពារការរីករាលដាល និងថែទាំព្យាបាលអ្នកជំងឺកូវីដ19នៅកម្ពុជា យ៉ាងមានប្រសិទ្ធិភាព។
ឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធជាតិ និងអន្តរជាតិទាំងអស់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតារបស់សម្តេចតេជោ អ្នកស្ម័គចិត្តកាកបាទក្រហមកម្ពុជា សិល្បករ សិល្បការិនី អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ ដែលបានរួមសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការប្រតិបត្តិ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមក្រុមគ្រូពេទ្យ មន្រ្តី បុគ្គលិកសុខាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់ៗគ្នា បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តតាមគោលនយោបាយ និងការណែនាំរបស់រាជរដ្ឋាភិបាល។
សូមជូនពរ សុខភាពល្អ និងជ័យជំនះ លើការប្រយុទ្ធនឹងការរីករាលដាលនៃវីរុស COVID-19 នៅកម្ពុជា។
សូមជំរាបថា ព័ត៌មានខាងលើនេះ ទទួលបានពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ ទទក