ទីភ្នាក់ងារព័ត៌មាន ស៊ីនហួ បានរាយការណ៍ថា ជំងឺឆ្លងដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(កូវីដ-19) ដែលកំពុងតែរាតត្បាតទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ មានសញ្ញាថា បានសម្លាប់ជីវិតអ្នកជំងឺ “ភេទប្រុស” ច្រើនជាងអ្នកជំងឺ “ភេទស្រី”។
ក្រុមអ្នកជំនាញការ បានផ្ដល់ការយល់ឃើញថា ក្រៅពីសភាវរាងកាយមិនសូវរឹងមាំ និស្ស័យចូលចិត្តកាត់បន្ថយសុខភាពខ្លួនឯង ដូចជាការជក់បារី និងផឹកគ្រឿងស្រវឹង ដែលអាចបំផ្លាញសួតហើយនោះ ឥទ្ធិពលពីអ័រម៉ូនក្នុងការតបស្នងរបស់ប្រព័ន្ធប្រឆាំងជំងឺ អាចមានតួនាទីសំខាន់នៅក្នុងបាតុភូតនេះផងដែរ…។
លោកស្រីវេជ្ជបណ្ឌិត ដេប្រាហ៍ ប៊ើស ប្រធានកងប្រតិបត្តិការកូវីដ-19 ជនជាតិអាមេរិក ប្រចាំសេតវិមាន បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ប្រចាំថ្ងៃថា មានរបាយការណ៍ពីប្រទេសអ៊ីតាលី ដែលបានបង្ហាញឱ្យឃើញពីការស្លាប់បាត់បង់ជីវិតដោយសារមេរោគវីរុសកូវីដ-19 របស់មនុស្សប្រុសគ្រប់អំឡុងវ័យ មានអត្រាខ្ពស់ជាងមនុស្សស្រី…ដែលនេះជា “សញ្ញាដ៏គួរឱ្យវិតក្កកង្វល់មួយ”។
ស្ថិតិ ពីអង្គភាពសាធារណៈសុខាភិបាលអ៊ីតាលី បានបញ្ជាក់ថា បុរសមានអត្រាច្រើនដល់ទៅ 58ភាគរយនៃអ្នកជំងឺកូវីដ-19 ទាំងអស់ 13,882នាក់ ហើយ 72% នៃអ្នកជំងឺដែលស្លាប់ក្នុងអំឡុងថ្ងៃទី 21កុម្ភៈ-12 មីនា ដោយមនុស្សប្រុសដែលចូលមន្ទីរពេទ្យមានសញ្ញាថា បានស្លាប់ច្រើនជាងមនុស្សស្រីច្រើនដល់ទៅ 75%។
ខណៈដែលស្ថិតិពីប្រទេសផ្សេងៗ ក៏បានរកឃើញដូចគ្នាដែរថា មនុស្សប្រុសបានស្លាប់ដោយសារវីរុសកូវីដ-19 ច្រើនជាងមនុស្សស្រី។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគ នៃប្រទេសចិន(CCDC) បានចង្អុលបង្ហាញថា ការស្លាប់របស់មនុស្សប្រុសដែលបានទទួលការអះអាងហើយថា បានឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះ ច្រើនជាងមនុស្សស្រី 65%។
ក្រុមអ្នកជំនាញការបានមើលឃើញថា និស្ស័យចូលចិត្តកាត់បន្ថយសុខភាពខ្លួនឯង ដូចជាការជក់បារី និងផឹកគ្រឿងស្រវឹង ច្រើនតែឃើញមាននៅលើបុរសច្រើនជាងនារី ដែលទង្វើទាំងនេះ អាចបំផ្លាញសួត និងជាបច្ច័យចម្បងរបស់អាការរលាក ខណៈពេលព្យាបាលសភាវឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី។
ចំណែកលោក ខេនត៍ ភិនឃើរតុន សាស្ត្រាចារ្យប្រចាំគណៈវេជ្ជសាស្ត្រ ដេវីស នៃមហាវិទ្យាល័យ កាលីហ្វ័រនៀ បានថ្លែងថា ការតបស្នងរបស់ប្រព័ន្ធប្រឆាំងជំងឺ រវាងភេទប្រុស និងភេទស្រី អាចពាក់ព័ន្ធនឹងអ័រម៉ូន តែអ្នកវិទ្យាសាស្ត្រនៅត្រូវសិក្សាស្រាវជ្រាវតទៅទៀត ដើម្បីស្វែងរកវិធីទប់ទល់នឹងការឆ្លងរាលដាលនៃវីរុសកូរ៉ូណាឱ្យកាន់តែល្អប្រសើរឡើង៕
ប្រភព៖ សារព័ត៌មានបរទេស