ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីឈ្មោះខាងផលិតម៉ាស៊ីនបូមធូលី កង្ហារ និងម៉ាស៊ីនផ្លុំសក់ កំពុងតែត្រៀមផលិតម៉ាស៊ីនជំនួយការដកដង្ហើមប្រភេទថ្មី ហើយទទួលបានការបញ្ជាទិញពីអតិថិជនដល់ទៅ10,000នាក់។
ម៉ាស៊ីនជំនួយការដកដង្ហើមនេះមានឈ្មោះថា CoVent ត្រូវបាន Dyson អភិវឌ្ឍឡើងដោយប្រើពេលត្រឹមតែ10ថ្ងៃប៉ុណ្ណោះ ដោយប្រើប្រាស់បច្ចេកវិទ្យាដែលខ្លួនមានស្រាប់។ បើទោះជាកំពុងរង់ចាំការត្រួតពិនិត្យ និងអនុញ្ញាតពីអាជ្ញាធរអង់គ្លេស ប៉ុន្តែ Dyson ក៏នៅតែទទួលបានការបញ្ជាទិញពីអតិថិជនប្រមាណជា10,000នាក់ ពីរដ្ឋាភិបាលប្រទេសនានាក្នុងពិភពលោក។
ក្រៅពីការប្រើប្រាស់ដូចទៅនឹងម៉ាស៊ីនធម្មតា Covent ក៏អាចយកទៅតាមខ្លួន និងអាចប្រើជាមួយថ្មពិលផងដែរ។ James Dysin ដែលជាស្ថាបនិកក្រុមហ៊ុនបានឱ្យដឹងថា CoVent ត្រូវបានរចនាឡើងសម្រាប់អ្នកជំងឺដែលបានឆ្លងCOVID-19។ ស្ថាបនិករូបនេះក៏បានសន្យាថា នឹងបរិច្ចាគម៉ាស៊ីននេះចំនួន5,000គ្រឿង ក្នុងនោះ1,000គ្រឿងសម្រាប់ប្រទេសអង់គ្លេស។
CoVent កំពុងត្រូវបានត្រៀមលក្ខណៈដើម្បីផលិត និងអាចចេញលក់នៅដើមខែមេសាខាងមុខ។ ម៉ាស៊ីនជំនួយការដកដង្ហើមនេះ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការជួយព្យាបាលអ្នកជំងឺកូរ៉ូណាដែលមានសភាពធ្ងន់ធ្ងរ និងមិនអាចដកដង្ហើមដោយខ្លួនឯងបាន។ ក្រៅពី Dyson នៅមានក្រុមហ៊ុនផលិតរថយន្តជាច្រើនដូចជា Ford Tesla និង General Motors ជាដើម ក៏បានចូលរួមក្នុងការអភិវឌ្ឍ និងផលិតឧបករណ៍សុខាភិបាលសំនាន់ៗ ក្នុងនោះក៏មានម៉ាស៊ីនជំនួយការដកដង្ហើមផងដែរ ខណៈដែលពិភពលោកកំពុងខ្វះ និងត្រូវការវាជាចាំបាច់បំផុត៕
ប្រភព៖ សារព័ត៌មាន