ប្រទេសអេស្ប៉ាញនៅថ្ងៃនេះបានឱ្យដឹងថា ក្នុងរយៈពេល24ម៉ោងកន្លងទៅនេះ ប្រទេសនេះមានអ្នកស្លាប់រហូតដល់ទៅ832នាក់ ក្នុងចំណោមអ្នកជំងឺកូរ៉ូណាសរុប 72,248នាក់។
តួលេខខាងលើនេះត្រូវបានប្រកាសនៅក្នុងគ្រាដែលប្រទេសអេស្ប៉ាញកំពុងតែបង្កើនការធ្វើតេស្តរកមេរោគCOVID-19។ អត្រានៃការឆ្លងវីរុសហាក់បីដូចជាថយចុះបន្តិច បើទោះជាក្នុងរយៈពេល24ម៉ោងកន្លងទៅនេះ ប្រទេសអេស្ប៉ាញបានរកឃើញអ្នកឆ្លងវីរុសដល់ទៅ8,189នាក់បន្ថែមទៀតក៏ដោយ។ ក្រុមមន្ត្រីសុខាភិបាលក៏បានឱ្យដឹងថា វិបត្តិសុខភាពនេះជិតឡើងដល់ចំណុចកំពូលដែរហើយ។
ទីក្រុង Madrid នៅតែជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់សរុប2,757នាក់ និងអ្នកឆ្លងមេរោគបានឡើងដល់21,520នាក់ បណ្ដាលឱ្យមន្ទីរពេទ្យនានា រួមនឹងសាលដាក់សាកសពត្រូវលើសចំណុះ។ អាជ្ញាធរមូលដ្ឋានកំពុងមានគម្រោងកែប្រែអាគារធំមួយនៅក្បែរព្រលានយន្តហោះ ឱ្យទៅជាសាលដាក់សាកសពបណ្ដោះអាសន្នទី2ក្នុងទីក្រុងនេះ។ ក្រុមយោធាក៏បានចូលរួមក្នុងការដឹកជញ្ជូនសាកសពផងដែរ។
ប្រទេសអេស្ប៉ាញ បច្ចុប្បន្នគឺជាសម្បុកមេរោគកូរ៉ូណាធំជាងគេទី4ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក អ៊ីតាលី និងប្រទេសចិន។ នៅទូទាំងពិភពលោក គិតដល់ពេលនេះមានអ្នកឆ្លងមេរោគCOVID-19 សរុប617,129នាក់ ក្នុងនោះមានអ្នកស្លាប់28,377នាក់ និង137,336នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស