ក្រឡ(កោដ្ឋ)ដាក់អធិធាតុរាប់ពាន់ត្រូវបានបញ្ជូនទៅកាន់ផ្ទះបុណ្យសពនានាក្នុងទីក្រុងអ៊ូហាន ធ្វើឱ្យមានការសង្ស័យទៅលើតួលេខជាក់ស្ដែងនៃករណីស្លាប់ដោយសារវីរុសCOVID-19 នៅប្រទេសចិន។
បណ្ដារូបថតបង្ហាញអំពីមនុស្សម្នាឈរតម្រៀបជួរគ្នាយ៉ាងវែងនៅខាងក្រៅផ្ទះបុណ្យសពនានានៅក្នុងទីក្រុងអ៊ូហាន ខេត្ត Hubei ប្រទេសចិន ដើម្បីរង់ចាំទទួលអដ្ឋិធាតុញាតិរបស់ពួកគេ ដែលត្រូវបានគេចែករំលែកតៗគ្នានៅលើបណ្ដាញសង្គមចិននាពេលថ្មីៗនេះ បានបង្កឱ្យមានសម្ពាធកាន់តែធ្ងន់ទៅលើអាជ្ញាធរទីក្រុង ក្នុងការប្រកាសអំពីតួលេខនៃករណីស្លាប់ដោយសារវីរុសCOVID-19។
ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលចិន បានឱ្យដឹងថា អ្នកជំងឺចំនួន2,535នាក់ បានបាត់បង់ជីវិតនៅក្នុងទីក្រុងអ៊ូហាន។ ក៏ប៉ុន្តែ បណ្ដារូបថតដែលត្រូវបានទស្សនាវដ្ដីហិរញ្ញវត្ថុ និងពាណិជ្ជកម្ម Caixin (ដែលមានទីស្នាក់ការធំនៅទីក្រុងប៉េកាំង) ចុះផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា តួលេខខាងលើនេះ ពិតជាគួរឱ្យសង្ស័យ។
នៅក្នុងរូបថតទាំងនោះ ដែលត្រូវបានចុះផ្សាយដោយ Caixin គេឃើញមានក្បួនរថយន្តដឹកទំនិញមួយ ដឹកកោដ្ឋដាក់អដ្ឋិធាតុប្រមាណជា2,500 ឆ្ពោះទៅកាន់ផ្ទះបុណ្យសពមួយនៅក្នុងទីក្រុងអ៊ូហានកាលពីថ្ងៃទី25 និង26ខែមីនាកន្លងទៅ។ ឯរូបភាពមួយសន្លឹកទៀត ក៏បានបង្ហាញអំពីកោដ្ឋដាក់អដ្ឋិធាតុប្រមាណជា3,500 ត្រូវបានតម្រៀបលើគ្នា ក្នុងផ្ទះបុណ្យសពមួយកន្លែងផងដែរ។
ផ្ទះបុណ្យសពនានានៅក្នុងទីក្រុងអ៊ូហាន បានបដិសេធការផ្ដល់ព័ត៌មានអំពីចំនួនសាកសពដែលត្រូវបានបូជានោះទេ ប៉ុន្តែ មានគ្រួសារមួយនោះបានរៀបរាប់ថា គេត្រូវចំណាយពេលរង់ចាំរាប់ម៉ោង ទើបអាចទទួលបានអដ្ឋិធាតុរបស់ញាតិពួកគេ។ ទស្សនាវដ្ដី Caixin បានសរសេរថា អ្នកដែលបានទៅទទួលអដ្ឋិធាតុ ត្រូវឈរតម្រៀបជួរប្រវែងប្រហែល200ម៉ែត្រនៅខាងក្រៅផ្ទះបុណ្យ។
គណៈកម្មការសុខាភិបាលចិន បានឱ្យដឹងថា គិតមកដល់ពេលនេះ ប្រទេសចិនមានអ្នកស្លាប់ជា 3,200នាក់ ខណៈដែលអ្នកបានឆ្លងវីរុសមានចំនួនជាង 81,000នាក់៕
ប្រភព៖ សារព័ត៌មានបរទេស