វិមានក្រឹមឡាំង(Kremlin) នៅថ្ងៃនេះបានប្រកាសថា ខ្លួនកំពុងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ បន្ទាប់ពីមានបុគ្គលិកម្នាក់ធ្វើការនៅទីនេះ បានឆ្លងវីរុសCOVID-19។
“យើងបានរកឃើញករណីឆ្លង COVID-19 នៅក្នុងវិមានក្រឹមឡាំង។ ប្រធានាធិបតីមិនទាន់បានជួបមនុស្សនេះនៅឡើយ” អ្នកនាំពាក្យនៃវិមានក្រឹមឡាំង លោក Dmitry Peskov មានប្រសាសន៍បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃទី27មីនា ប៉ុន្តែលោកមិនបានបង្ហើបឱ្យដឹងអំពីអត្តសញ្ញាណអ្នកដែលបានឆ្លងវីរុសCOVID-19នេះនោះទេ។
នេះគឺជាករណីឆ្លងវីរុសCOVID-19 ដំបូងបង្អស់នៅក្នុងវិមានក្រឹមឡាំង។ ប្រទេសរុស្ស៊ី គិតមកដល់ពេលនេះ មានអ្នកឆ្លងមេរោគកូរ៉ូណាជាង1,000នាក់ ក្នុងនោះមាន3នាក់បានស្លាប់ និងជាង40នាក់បានជាសះស្បើយ។ រដ្ឋធានីម៉ូស្គូ បានរកឃើញករណីឆ្លងមេរោគCOVID-19 ច្រើនជាងគេបំផុត ដោយមានរហូតដល់ជាង700ករណី ក្នុងចំណោមអ្នកឆ្លងវីរុសសរុបទូទាំងប្រទេស៕
ប្រភព៖ សារព័ត៌មានបរទេស