បន្ទាប់ពីអ្នកបម្រើ7នាក់ក្នុងរាជវាំង បានឆ្លងមេរោគCOVID-19 មហាក្សត្រនៃប្រទេសម៉ាឡេស៊ី រួមនឹងមហេសី របស់ទ្រង់ក៏បានចាប់ផ្ដើមបង្ខាំងព្រះកាយរយៈពេល2សប្ដាហ៍ផងដែរ។
ព្រះបរមរាជវាំង Istana Negara ថ្ងៃនេះ បានប្រកាសឱ្យដឹងថា បុគ្គលិក7នាក់ក្នុងរាជវាំងនេះ បានឆ្លងមេរោគCOVID-19 ពីប្រភពដែលគេមិនទាន់ដឹងនៅឡើយ។ បុគ្គលិករាជវាំងទាំង7នាក់នេះ កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ Kuala Lumpur ក្នុងស្ថានភាពសុខភាពធម្មតា។ ក្រសួងសុខាភិបាលម៉ាឡេស៊ីកំពុងតែស្រាវជ្រាវរកប្រភពចម្លងរបស់បុគ្គលិកទាំងនេះ។
ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងថា បុគ្គលិករាជវាំងបានឆ្លងវីរុសCOVID-19 មហាក្សត្រ Abdullah Sultan Ahmad Shah និងមហេសីរបស់ទ្រង់ គឺព្រះនាង Tunku Azizah Aminah Maimunah Iskandaria ក៏បានធ្វើតេស្តរកមេរោគ និងទទួលបានលទ្ធផលអវិជ្ជមានជាមួយនឹងមេរោគនេះ។ “មហាក្សត្រ និងមហេសី កំពុងតែបង្ខាំងព្រះកាយដោយព្រះអង្គឯងរយៈពេល14ថ្ងៃ ចាប់ពីថ្ងៃទី25មីនា”។ នេះជាសេចក្ដីប្រកាសរបស់ព្រះបរមរាជវាំង។
អ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងបុគ្គលិក7នាក់ខាងលើ ត្រូវបាននាំទៅធ្វើតេស្តរួចហើយ និងកំពុងបង្ខាំងខ្លួននៅដោយឡែករយៈពេល14ថ្ងៃ។
កាលពីថ្ងៃទី24មីនាកន្លងទៅ នៅលើទំព័រ Instagram មហាក្សត្រី Tunku Azizah បានបង្ហោះរូបភាពនៃអាហារដែលទ្រង់បានធ្វើសម្រាប់បុគ្គលិកសុខាភិបាលដែលកំពុងប្រឆាំងនឹង COVID-19។ កាយវិការលើកទឹកចិត្តនេះ ត្រូវបានប្រជាជនម៉ាឡេស៊ីគាំទ្រ និងកោតសរសើរទ្រង់ជាខ្លាំង។
ប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន មានអ្នកឆ្លងវីរុសCOVID-19 ចំនួន2,031នាក់ ក្នុងនោះមាន23នាក់បានបាត់បង់ជីវិត និង199នាក់បានជាសះស្បើយ ខណៈដែលនៅទូទាំងពិភពលោក មានអ្នកឆ្លងមេរោគកូរ៉ូណា COVID-19 សរុប 487,648នាក់ ក្នុងនោះមាន22,030នាក់បានស្លាប់ និង117,749បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស