អាជ្ញាធរឥណ្ឌា ធ្វើការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះអ្នកទាំងឡាយណាដែលបានរំលោភលើបទបញ្ជាបម្រាមគោចរ ខណៈដែលប្រជាជនប្រមាណជា1.3ពាន់លាននាក់ ត្រូវបានស្នើឱ្យនៅក្នុងផ្ទះ ដើម្បីទប់ទល់នឹងការឆ្លងរាលដាលវីរុសCOVID-19។
យោងតាមបទបញ្ជារបស់លោក Narendra Modi នាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា ប្រទេសដែលមានប្រជាជនប្រមាណជា1.3ពាន់លាននាក់នេះ នឹងត្រូវបានបិទការដើរហើរទាំងស្រុងក្នុងរយៈពេល21ថ្ងៃ ដើម្បីរារាំងពលរដ្ឋមិនឱ្យចេញក្រៅផ្ទះ។
នាយករដ្ឋមន្ត្រីឥណ្ឌា មានប្រសាសន៍ថា ការដាក់បម្រាមគោចរគឺជាវិធីតែមួយគត់ដែលអាចជួយទប់ស្កាត់ការឆ្លងCOVID-19បន្ថែមទៀត និងកាត់បន្ថយទំហំនៃការរីករាលដាលរបស់មេរោគនេះ។
សេវាកម្មចាំបាច់មួយចំនួនដូចជា អគ្គិសនី ទឹក ការថែទាំសុខភាព ពន្លត់អគ្គិភ័យ និងហាងលក់គ្រឿងទេសជាដើម ត្រូវបានអនុញ្ញាតឱ្យបន្តសកម្មភាព។ ក្រៅពីនេះ សុទ្ធតែត្រូវបានបិទ សូម្បីតែរថយន្តក្រុង និងរថភ្លើងក្រោមដីក៏ត្រូវបានផ្អាកដំណើរការទាំងស្រុង។
បម្រាមគោចរនៅប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា មានទ្រង់ទ្រាយធំជាងប្រទេសចិនដែលមនុស្សប្រមាណជា750លាននាក់ប៉ុណ្ណោះ ត្រូវបានហាមមិនឱ្យធ្វើដំណើរ។
នៅប្រទេសឥណ្ឌា មានការព្រួយបារម្ភខ្លាំងចំពោះបទបញ្ជាបម្រាមគោចរនេះ។ មនុស្សជាច្រើនយល់ថា បទបញ្ជានេះអាចធ្វើឱ្យវីរុសCOVID-19 ឆ្លងរាលដាលដល់ជនបទ ខណៈដែលពលរដ្ឋជាច្រើនប្រញាប់ធ្វើដំណើរទៅស្រុកកំណើត ព្រោះខ្លាចជាប់នៅក្នុងទីក្រុង។
សមត្ថកិច្ចឥណ្ឌា កំពុងប្រើប្រាស់វិធានការពិន័យច្រើនរូបភាព ចំពោះអ្នកដែលបានរំលោភលើបទបញ្ជាបម្រាមគោចររបស់រដ្ឋាភិបាល ក្នុងនោះមានដូចជា ការពិន័យដោយការវាយនឹងដំបង ឬចាប់ឱ្យអង្គុយតាមកាយវិការពិបាកទ្រាំជាច្រើនរបៀប។ល។
ប្រទេសឥណ្ឌា គិតត្រឹមល្ងាចនេះ បានរកឃើញអ្នកឆ្លងមេរោគCOVID-19 តែ665នាក់ និងស្លាប់ចំនួន13នាក់ប៉ុណ្ណោះ ដែលតួលេខនេះ នៅទាបជាងប្រទេសចិន សហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអឺរ៉ុបនៅឡើយ។ ក៏ប៉ុន្តែ កត្តាជីវភាពរស់នៅ អនាម័យនៅមានកម្រិត រួមនឹងប្រព័ន្ធសុខាភិបាលនៅខ្សោយ របស់ប្រទេសឥណ្ឌា អាចធ្វើឱ្យការឆ្លងរាលដាលនៃវីរុសCOVID-19 កើនឡើងខ្លាំង មិនអាចគ្រប់គ្រងបាន។
នាយករដ្ឋមន្ត្រី Modi បានប្រកាសចំណាយថវិកាចំនួន150ពាន់លាន rupee (ជិត2ពាន់លានដុល្លារអាមេរិក) ដើម្បីជួយដល់ការធ្វើតេស្តរកមេរោគ ការបន្ថែមគ្រែក្នុងមន្ទីរពេទ្យ ម៉ាស៊ីនជំនួយការដកដង្ហើម។ល។ លោក Modi ក៏បានបង្កើតក្រុមការងារពិសេសមួយដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកើតឡើងដោយសារវិបត្តិសុខភាពនេះ៕
ប្រភព៖ Reuters, AFP, PTI,indiatimes