ប្រទេសអ៊ីតាលី បានរកឃើញអ្នកស្លាប់ដោយសារ COVID-19 ចំនួន 860នាក់បន្ថែមទៀតនៅក្នុងអំឡុង24ម៉ោងកន្លង នាំឱ្យចំនួនអ្នកស្លាប់ដោយសារមេរោគនេះ កើនដល់7,503នាក់។
នាយកដ្ឋានការពារពលរដ្ឋអ៊ីតាលី (Protezione Civile) កាលពីថ្ងៃទី25មីនាបានឱ្យដឹងថា អ្នកជំងឺចំនួន680នាក់បន្ថែមទៀត បានបាត់បង់ជីវិត។ ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបនៅប្រទេសនេះ មាន 74,386នាក់ ក្នុងនោះមាន7,503នាក់បានបាត់បង់ជីវិត។
ប្រធាននាយកដ្ឋានការពារពលរដ្ឋអ៊ីតាលី លោក Angelo Borrelli មិនមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 25មីនាដូចសព្វមួយដងនោះទេ ព្រោះលោកមានអាការគ្រុនក្ដៅ និងបានធ្វើតេស្តរកមេរោគ COVIVD-19 រួចហើយដែរ។ លោក Angelo Borrelli ធ្លាប់បានថ្លែងកាលពីថ្ងៃទី24មីនាថា តួលេខពិតប្រាកដនៃអ្នកឆ្លងមេរោគ COVID-19 អាចខ្ពស់ជាង10ដង បើធៀបនឹងតួលេខដែលបានប្រកាស ដោយសារតែការធ្វើតេស្តរកមេរោគកូរ៉ូណា នៅប្រទេសនេះ គឺធ្វើឡើងចំពោះតែអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរតែប៉ុណ្ណោះ។
តំបន់ Lombardy ភាគខាងជើងប្រទេសអ៊ីតាលី គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេពីរោគរាតត្បាតកូរ៉ូណា។
ប្រទេសអ៊ីតាលីគឺជាសម្បុកមេរោគ COVID-19 ធំជាងគេក្នុងពិភពលោក។ បើធៀបនឹងប្រទេសចិនដែលមានអ្នកស្លាប់ដោយសារវីរុស COVID-19 ចំនួន 3,287នាក់ ប្រទេសអ៊ីតាលីមានច្រើនជាងនេះទ្វេដង។ អត្រាស្លាប់ដោយសារ COVID-19 នៅអ៊ីតាលី គឺប្រមាណជា 9.5% ពោលគឺខ្ពស់ជាងទ្វេដងបើធៀបនឹងមធ្យមភាគទូទាំងពិភពលោក។
បទបញ្ជាហាមធ្វើដំណើរនៅប្រទេសអ៊ីតាលី បានអូសបន្លាយ2សប្ដាហ៍មកហើយ ដោយបទបញ្ជានេះ មិនអនុញ្ញាតឱ្យពលរដ្ឋចេញក្រៅផ្ទះនោះទេ លើកលែងតែត្រូវទៅទិញរបស់របរចាំបាច់ប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រី Giuseppe Conte ក៏បានបង្កើនកម្រិតនៃការពិន័យទៅលើអ្នកដែលបានចេញទៅក្រៅផ្ទះ ពី206 EUR (ជាង 220 USD) ឡើងដល់ 3,000 EUR (ជាង 3,200 USD)។
នៅទូទាំងពិភពលោក អ្នកឆ្លងវីរុស COVID-19 សរុប បានកើនដល់ 468,644នាក់ ក្នុងនោះមាន21,191នាក់បាត់បង់ជីវិត និង14,733នាក់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត។ ចំណែកករណីជាសះស្បើយ បានកើនដល់ជាង 114,210នាក់៕
ប្រភព៖ សារព័ត៌មានបរទេស