រ៉យទ័រ- រដ្ឋបាលប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងបញ្ជូនឧបករណ៍ពេទ្យទៅជួយសហរដ្ឋអាមរិក ដើម្បីទប់ទល់នឹងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី “បើសិននៅមានរបស់សល់” ក្រោយពីបានទទួលពាក្យសុំអង្វរយ៉ាងបន្ទាន់ ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងជួយសម្រួលរឿងការសុំលិខិតអនុញ្ញាតនាំចូលប្រទេសអាមេរិក។
ចរន្តនៃព័ត៌មាននេះ បានបណ្ដាលឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតឈុតពិសោធន៍មេរោគវីរុសនៅក្នុងប្រទេសកូរ៉េខាងត្បូងស្ទុះហក់ឡើង និងរឹតតែឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេស2 ដែលមានអ្នកឆ្លងមេរោគវីរុសដំបូងក្នុងថ្ងៃជាមួយគ្នា តែបែរជាមានសញ្ញាឆ្លើយតបនឹងស្ថានការណ៍វិបត្តិ ខុសគ្នាយ៉ាងស្រឡះ។
ក្រោយរកឃើញការឆ្លងរាលដាលនៅក្នុងប្រទេស កូរ៉េខាងត្បូងអាចផលិតឈុតពិសោធន៍វីរុសចេញមកប្រើប្រាស់បានយ៉ាងទូលំទូលាយក្នុងរយៈពេលតែមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ និងថែមទាំងចេញបញ្ជាបង្ខាំងអ្នកឆ្លងមេរោគ និងតាមដានបុគ្គលដែលមានប្រវត្តិនៅជិតស្និទ្ធជាមួយអ្នកផ្ទុកមេរោគដោយមិនបង្អង់យូរទៀតផង។
វិធានការទាំងនេះ ធ្វើឱ្យកូរ៉េខាងត្បូងបានទទួលសំឡេងកោតសរសើរថា អាចពន្យឺតការឆ្លងរាលដាលបានយ៉ាងមានប្រសិទ្ធភាព និងមិនបង្កឱ្យកើតមានផលប៉ះពាល់ខ្លាំងជ្រុលពេកទៀតផង។ ពេលនេះ កូរ៉េខាងត្បូងមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មីនេះត្រឹមតែ 125នាក់ប៉ុណ្ណោះ ខណៈដែលចំនួនអ្នកឆ្លងមេរោគថ្មីក្នុងអំឡុងពេល 13ថ្ងៃកន្លងមកនេះ ក៏មានការថយចុះមកនៅក្នុងកម្រិត 100ជាង ឬទាបជាងហ្នឹងទៀតផង។
តែផ្ទុយទៅវិញ សហរដ្ឋអាមេរិក សឹងតែមិនមានការពិនិត្យចម្រាញ់អ្នកឆ្លងមេរោគសោះឡើយក្នុងអំឡុងពេលដំបូងៗ និងជ្រើសរើសប្រើវិធានការបិទតំបន់មួយចំនួនដំណាលគ្នាច្រើនរដ្ឋទៀតផង ខណៈដែលចំនួនអ្នកជំងឺ នៅតែកើនឡើង 1ថ្ងៃរាប់ពាន់នាក់។
ទីស្ដីការនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីរាត្រីថ្ងៃទី24 មីនា កន្លងទៅថា ក្នុងអំឡុងពេលនិយាយទូរស័ព្ទជាមួយគ្នារយៈពេល 23នាទី លោកត្រាំ បានអះអាងជាមួយលោក មូន ជេអ៊ីន ថា នឹងជួយឱ្យអ្នកផលិតឧបករណ៍ពេទ្យកូរ៉េខាងត្បូងបានទទួលលិខិតអនុញ្ញាតនាំចូលពីស្ថាប័នអាហារ និងថ្នាំពេទ្យរបស់សហរដ្ឋអាមេរិក។
ចំណែកមេដឹកនាំកូរ៉េខាងត្បូង បានប្រាប់ទៅត្រាំវិញថា កូរ៉េខាងត្បូង “នឹងផ្ដល់ការគាំទ្រច្រើនបំផុត តាមដែលអាចធ្វើទៅបាន បើសិនយើងនៅមានឧបករណ៍ពេទ្យលើសពីការប្រើប្រាស់។
ប្រភពព័ត៌មានរបស់មហាវិទ្យាល័យ ចន ហប់គិនស៍ បានបញ្ជាក់ថា ចំនួនអ្នកឆ្លងមេរោគកូវីដ-19 នៅក្នុងសហរដ្ឋអាមេរិក កាលពីវេលាម៉ោងប្រហែលជា 10ព្រឹក ថ្ងៃម្សិលមិញ(25មីនា) ស្ថិតក្នុងចំនួន 55,041នាក់ ខណៈដែលកូរ៉េខាងត្បូង អ្នកដែលមានផ្ទុកមេរោគនេះ មានត្រឹមតែ 9,037នាក់ប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌មានបរទេស