វិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងនៃសហរដ្ឋអាមេរិក National Institute of Allergy and Infectious Diseases(NIAID) បានបញ្ចេញរូបថតថ្មីបំផុតជាច្រើនសន្លឹក ស្ដីអំពី COVID-19 ដែលត្រូវបានថតដោយកែវពង្រីកមីក្រូទស្សន៍អេឡិកត្រុងប្រទេសស្កេន (Scanning electron microscope)។
រូបដែលត្រូវបានបន្ថែមពណ៌ទាំងនេះ បង្ហាញឱ្យឃើញថា មានវីរុសរាន់រយក្បាលកំពុងតោងជាប់នៅលើកោសិការបស់មនុស្ស ដែលយកពីអ្នកជំងឺ COVID-19ម្នាក់នៅសហរដ្ឋអាមរិក បន្ទាប់ពីវា (កោសិកាមនុស្ស) បានធ្លាក់ចូលក្នុងស្ថានភាពងាប់ និងជ្រុះ។ មេរោគកូរ៉ូណាទាំងនេះ ត្រូវបានថតនៅក្នុងមន្ទីរពិសោធន៍របស់ NIAID ដែលមានទីតាំងនៅក្នុងតំបន់ Fort Detrick នៃរដ្ឋ Maryland។
រូបភាពខាងលើនេះ បង្ហាញអំពីកោសិកាងាប់ចំនួន1របស់មនុស្ស (ពណ៌ខៀវ) កំពុងត្រូវមេរោគ COVID-19 រាប់រយក្បាលចោមរោមវាយប្រហារ។
វីរុសកូរ៉ូណា COVID-19 មានរូបរាងដូចទៅនឹងកូនបាល់ល្អិនៗ ដែលត្រូវបានបង្កើតឡើងដោយបណ្ដុំនៃ ARN (ARN គឺជាទម្រង់ចម្លងពី DNA 1កំណាត់ (ស្មើនឹងហ្សែនចំនួន1) ហើយនៅលើប្រភេទវីរុសមួយចំនួន ARN គឺជាសារជាតិបន្តពូជ) ដែលស្ថិតក្នុងស្រទាប់ខ្លាញ់ និងប្រូតេអ៊ីន។ វីរុស COVID-19 មានទំហំចាប់ពី 120-160 ណាណូម៉ែត្រ (1ពាន់លានណាណូម៉ែត្រ/nanometer ស្មើនឹង1ម៉ែត្រ) គឺតូចរហូតដល់ថ្នាក់មើលមិនឃើញសូម្បីតែប្រើកែវពង្រីកមីក្រូទស្សន៍អុបទិក។ គេត្រូវប្រើកែវពង្រីកមីក្រូទស្សន៍អេឡិកត្រុងប្រទេសស្កេន ទើបអាចមើលឃើញវា។ នេះបើតាម IFL Science។
រូបភាពខាងលើបង្ហាញអំពីវីរុស COVID-19 (ពណ៌ស្វាយ) តោងជាប់ស្អេកស្កះនៅលើកោសិកា (ពណ៌បៃតង)អ្នកជំងឺ COVID-19 នៅសហរដ្ឋអាមេរិក។
បើទោះបីជាមានរូបរាងមហាតូចក៏ដោយ ប៉ុន្តែ COVID-19 នៅតែបង្ករបួស និងអាចសម្លាប់កោសិកាមនុស្សបានដែរ។ ដើម្បីឆ្លងទៅមនុស្ស COVID-19 នឹងប្រើប្រាស់ប្រូតេអ៊ីនបន្លារបស់វា តភ្ជាប់ជាមួយស្រទាប់កោសិកា ពោលគឺដូចទៅនឹងកូនសោ និងមេសោ។ នៅពេលរុកចូលទៅដល់ខាងក្នុង វីរុស COVID-19នេះ នឹងដណ្ដើម “អំណាច” គ្រប់គ្រងកោសិកាដែលជា “ម្ចាស់ផ្ទះ” ដើម្បីចម្លង និងបង្កើត COVID-19 ចំនួនរាប់ពាន់បន្ថែមទៀត។ ចុងក្រោយ COVID-19 នឹងសម្លាប់កោសិកា “ម្ចាស់ផ្ទះ” រួចហើយពួកវាឆ្លងចូលទៅក្នុងកោសិកាផ្សេងទៀត៕
ប្រភព៖ សារព័ត៌មានបរទេស