WHO បានព្រមានដល់សហរដ្ឋអាមេរិកថា ប្រទេសនេះអាចនឹងក្លាយជាសម្បុកមេរោគធំជាងគេបង្អស់នៅក្នុងពិភពលោក បន្ទាប់ពីតួលេខនៃអ្នកឆ្លងមេរោគ និងអ្នកស្លាប់បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលតែមួយថ្ងៃ នាំឱ្យតួលេខសរុបនៃអ្នកបានឆ្លងវីរុស COVID-19 ឡើងដល់54.823នាក់ និងអ្នកស្លាប់ឡើងដល់ជិត778នាក់។
“យើងកំពុងតែឃើញការកើនឡើងខ្ពស់នៃតួលេខអ្នកឆ្លងមេរោគនៅសហរដ្ឋអាមេរិក។ ដូច្នេះ សហរដ្ឋអាមេរិកមានសក្ដានុពលក្លាយជាស្នូលនៃសម្បុកមេរោគ” នេះជាប្រសាសន៍របស់លោកស្រី Margaret Harris អ្នកនាំពាក្យរបស់់អង្គការសុខភាពពិភពលោក(WHO) ថ្លែងកាលពីម្សិលមិញ បន្ទាប់ពីមានសំណួរដែលសួរថា “តើសហរដ្ឋអាមេរិកអាចក្លាយជាស្នូលនៃសម្បុកមេរោគរាតត្បាតនៅទូទាំងពិភពលោកដែរ ឬអត់?”។
យោងតាមលោកស្រី Margaret Harris ចំនួនករណីឆ្លងមេរោគនៅសហរដ្ឋអាមេរិក បានកើនឡើងច្រើនណាស់ហើយ។ ក្នុងអំឡុង24ម៉ោងកន្លង គេបានរកឃើញថា 85% នៃករណីឆ្លងមេរោគថ្មីសរុបក្នុងពិភពលោក គឺកើតឡើងនៅទ្វីបអឺរ៉ុប និងអាមេរិក ក្នុងនោះសហរដ្ឋអាមេរិក មានដល់ទៅ40%។
សហរដ្ឋអាមរិក បានរកឃើញករណីឆ្លងមេរោគ COVID-19ថ្មី ចំនួន11,074នាក់បន្ថែមទៀត ធ្វើឱ្យតួលេខនៃអ្នកឆ្លងមេរោគនេះឡើងដល់54,808នាក់។ ចំនួនអ្នកស្លាប់ក៏បានកើន222ករណីបន្ថែមទៀត ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលត្រឹមតែ24ម៉ោងចាប់តាំងពីមេរោគកូរ៉ូណាបានបង្ហាញខ្លួននៅក្នុងប្រទេសនេះ បណ្ដាលឱ្យតួលេខអ្នកស្លាប់កើនដល់775នាក់។
តួលេខនៃអ្នកឆ្លងមេរោគកូរ៉ូណា អាចខ្ពស់ជាងតួលេខដែលបានប្រកាស។ យ៉ាងហោចណាស់មានរដ្ឋចំនួន18របស់សហរដ្ឋអាមេរិក (ដែលមានប្រជាជនជាង 176លាននាក់ ប្រហាក់ប្រហែលនឹង54%នៃចំនួនប្រជាជនសរុបរបស់សហរដ្ឋអាមេរិក) ត្រូវបាន ឬនឹងត្រូវបានស្នើឱ្យនៅតែក្នុងផ្ទះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសដែលបង្កជំងឺរលាកសួតប្រភេទថ្មីនេះ។
រដ្ឋ New York ទទួលរងផលប៉ះពាល់ច្រើនជាងគេ ដោយមានអ្នកឆ្លងមេរោគចំនួន 26,348នាក់ គឺកើន5,473ករណី និងអ្នកស្លាប់271នាក់។ “យើងមិនទាន់គ្រប់គ្រងល្បឿននៃការឆ្លងរាលដាលរបស់ COVID-19 នៅឡើយ។ COVID-19 កំពុងបង្កើនល្បឿន និងរីករាលដាលលឿនដូចរថភ្លើងល្បឿនលឿន” លោក Andrew Cuomo អភិបាលទីក្រុង New York បានព្រមានដូច្នេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ទទួលស្គាល់ថា ប្រភពផ្គត់ផ្គង់ធនធានសម្រាប់ការថែទាំសុខភាពសំខាន់ៗដើម្បីការពារបុគ្គលិកសុខាភិបាលជួរមុខ បានប្រែទៅជាលំបាក។ លោក Trump បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃទី24មីនាថា “ទីផ្សារម៉ាស់ និងម៉ាស៊ីនជំនួយការដកដង្ហើមក្នុងពិភពលោក ប្រែទៅជាលំបាកខ្លាំង។ យើងនឹងជួយឱ្យរដ្ឋនានាមានឧបករណ៍ទាំងនេះ ប៉ុន្តែ វាមិនងាយស្រួលនោះទេ”។
ក៏ប៉ុន្តែ ខណៈដែលអភិបាលរដ្ឋនានារបស់សហរដ្ឋអាមេរិក អំពាវនាវឱ្យប្រជាជននៅក្នុងផ្ទះ លោក Trump បែរជាថ្លែងថា លោកកំពុងពិចារណាអំពីយន្តការដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញនៅប៉ុន្មានសប្ដាហ៍ខាងមុខ និងដើម្បីបញ្ចៀសវិបត្តិសុខភាពនេះមិនឱ្យក្លាយជា “វិបត្តិហិរញ្ញាវត្ថុយូរអង្វែង”។ ប្រធានាធិបតីសហរដ្ឋអាមេរិក បន្តថា “ប្រជាជនរបស់យើង ចង់ត្រឡប់មកធ្វើការវិញ។ ពួកគេនឹងអនុវត្តវិធានការបង្ខាំងខ្លួន និងវិធានការផ្សេងៗទៀត។ មនុស្សចាស់នឹងត្រូវបានការពារ និងថែទាំ។ យើងអាចធ្វើកិច្ចការ2 ក្នុងពេលតែ1”។
ទីប្រឹក្សាជាន់ខ្ពស់មួយចំនួនរបស់លោក Trump បានហៅការរឹតបន្តឹងនាបច្ចុប្បន្នរបស់រដ្ឋាភិបាលថាជា “បញ្ហាប្រឈមរយៈពេល15ថ្ងៃ” ហើយបានសន្យាថានឹងពិចារណាឡើងវិញនូវតម្រូវការនៃការអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់មិនឱ្យវីរុសឆ្លងរាលដាល។ ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិ លោក Mark Esper បានព្រមានថា វិបត្តិសុខភាពនៅសហរដ្ឋអាមេរិកអាចនឹងបន្តក្នុងរយៈពេលជាច្រើនខែទៅមុខទៀត ខណៈប្រធានអគ្គសេនាធិការចម្រុះនៃកងទ័ពសហរដ្ឋអាមេរិក លោក Mark Milley មានប្រសាសន៍ថា តាមការវាយតម្លៃពីបទពិសោធពីបណ្ដាប្រទេស វិបត្តសុខភាព COVID-19 អាចអូសបន្លាយពេលដល់ទៅ7ខែឯណោះ។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន197 នៅក្នុងពិភពលោក ក្រោយពីបានឆ្លងរាលដាលនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2020 បណ្ដាលឱ្យមនុស្សប្រមាណជា422,785នាក់បានឆ្លងមេរោគ ក្នុងនោះមាន18,903នាក់បានបាត់បង់ជីវិត និង 13,095នាក់ទៀតកំពុងប្រឈមនឹងការស្លាប់ ខណៈ109,102នាក់បានជាសះស្បើយ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគ COVID-19 ធំជាងគេលំដាប់ទី3ក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន និងប្រទេសអ៊ីតាលី៕
ប្រភព៖ សារព័ត៌មានបរទេស