ប្រទេសអ៊ីតាលី បានរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន69,176នាក់ ក្នុងនោះមានអ្នកស្លាប់ 6,820នាក់ ខណៈដែលប្រទេសចិន មានអ្នកស្លាប់ 3,277នាក់។
ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា ក្នុងរយៈពេល24ម៉ោងកន្លងទៅនៅអ៊ីតាលី បានកើន743នាក់បន្ថែមទៀត នាំឱ្យតួលេខអ្នកស្លាប់នៅប្រទេសនេះបានកើនដល់6,820នាក់ ខ្ពស់ជាងប្រទេសចិនដល់ទៅ2ដងឯណោះ។
ដោយសារតែការធ្វើតេស្តរកមេរោគនៅប្រទេសអ៊ីតាលី ត្រូវបានធ្វើឡើងចំពោះតែករណីមានរោគសញ្ញាធ្ងន់ លោក Angelo Borrelli ប្រធាននាយកដ្ឋានការពារប្រជាជនស៊ីវិលអ៊ីតាលី កាលពីម្សិលមិញបានឱ្យដឹងថា តួលេខពិតប្រាកដស្ដីអំពីអ្នកជំងឺ COVID-19 អាចខ្ពស់ជាង10ដង បើធៀបនឹងតួលេខដែលបានរាយការណ៍។
រដ្ឋាភិបាលអ៊ីតាលី កាលពីថ្ងៃទី23មីនា បានចេញបទបញ្ជាបិទរាល់អាជីវកម្មណាដែលត្រូវបានយល់ថាមិនចាំបាច់។ នាយករដ្ឋមន្ត្រី Giuseppe Conte ក៏បានបង្កើនកម្រិតនៃការពិន័យចំពោះអ្នកណាដែលចេញពីផ្ទះ ពី20 EUR (ជាង220ដុល្លារអាមេរិក) ឡើងដល់3,000 EUR (ជាង3,200ដុល្លារអាមេរិក)។
បទបញ្ជាទាំងឡាយក្នុងពេលបច្ចុប្បន្ន នៅប្រទេសអ៊ីតាលី នឹងអស់សុពលភាពនៅថ្ងៃទី3មេសាខាងមុខ។ យោងតាមអនុក្រឹត្យមួយដែលបានចេញកាលពីម្សិលមិញ រដ្ឋាភិបាលអាចនឹងពន្យារសុពលភាពនៃបទបញ្ជាខាងលើ រហូតដល់ថ្ងៃទី31កក្កដា។ ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រី Conte បានច្រានចោលផែនការរក្សាសុពលភាពនៃបម្រាមគោចរនេះរហូតដល់ពេលនោះ (31កក្កដា)។
សូមបញ្ជាក់ថា បន្ទាប់ពីឆ្លងរាលដាលពីប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019 វីរុស COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន197 នៅក្នុងពិភពលោក ហើយមកដល់ពេលនេះ អឺរ៉ុបបានក្លាយជាសម្បុកមេរោគដ៏ធំមួយរបស់ពិភពលលោកផងដែរ។ នៅទូទាំងពិភពលោក មានមនុស្ស 422,566នាក់បានឆ្លងមេរោគកូរ៉ូណា ក្នុងនោះមាន18,887នាក់បានបាត់បង់ជីវិត និង108,388នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស