នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានឱ្យដឹងថា រដ្ឋាភិបាលនឹងដាក់បម្រាមគោចរទូទាំងប្រទេស ចាប់ពីពាក់កណ្ដាលអធ្រាត្រនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19។
“ចាប់ពីម៉ោង 00:00:00នាទីយប់នេះ ប្រទេសទាំងមូលនឹងត្រូវបានបិទទាំងស្រុង ដើម្បីទប់ស្កាត់ប្រជាជនមិនឱ្យចេញក្រៅផ្ទះ” នេះជាការថ្លែងសាររបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi នៅលើកញ្ចក់ទូរទស្សន៍នាថ្ងៃនេះ។ លោកបន្ថែមថា បទបញ្ជានេះនឹងមានសុពលភាពរយៈពេល21ថ្ងៃ។
លោក Modi បញ្ជាក់ថា “ដើម្បីសង្គ្រោះប្រទេសឥណ្ឌា និងពលរដ្ឋទាំងអស់ គ្រប់ផ្លូវទាំងអស់ ក៏ដូចជាតំបន់ទីប្រជុំជន នឹងត្រូវដាក់ឱ្យស្ថិតក្រោមការបង្ខាំង”។
គិតមកដល់បច្ចុប្បន្ន ប្រទេសឥណ្ឌបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណា COVID-19 ចំនួនជាង500នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន10នាក់៕