តាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំនៅមុននេះបន្តិច បានឱ្យដឹងថា មានប្រជាពលរដ្ឋខ្មែរ2រូបទៀតហើយ ដែលបានជាសះស្បើយពីមេរោគ Covid-19។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញបានយកសំណាកវិភាគរបស់អ្នកផ្ទុកមេរោគ Covid-19 ចំនួន 4រូប នៅក្នុងខេត្តត្បូងឃ្មុំមកធ្វើការពិសោធន៍នៅវិទ្យាស្ថានជាតិប៉ាស្ទ័រ។ ជាលទ្ធផល គិតត្រឹមថ្ងៃទី24 ខែមីនា ឆ្នាំ2020នេះ មានអ្នកជំងឺចំនួន 02រូបដែលទទួលបានលទ្ធផលអវិជ្ជមាន (មិនមានផ្ទុកមេរោគ) ជាមួយនឹងវីរុស Covid-19 និងបានជាសះស្បើយ។
អ្នកដែលបានជាសះស្បើយនោះ ទី1 ឈ្មោះ ជិ សំ (សាន់) ភេទប្រុស អាយុ56ឆ្នាំ រស់នៅភូមិពោធិឥន្ទ ឃុំកោងកាង ស្រុកពញាក្រែក។ ចំណែកឯអ្នកទី2 ឈ្មោះ អុស្មាន សូកូត ភេទប្រុស អាយុ53ឆ្នាំ រស់នៅភូមិទ្រាទី2 ឃុំទ្រា ស្រុកក្រូចឆ្មារ។
គួរបញ្ជាក់ថា ការពិសោធន៍អ្នកជំងឺទាំងពីររូបខាងលើនេះ ទទួលបានលទ្ធផលអវិជ្ជមានដូចគ្នាចំនួនពីរលើក ។ បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យជំនាញ បានអនុញ្ញាតឱ្យពួកគាត់វិលត្រល់ទៅគេហដ្ឋានវិញហើយ៕