បន្ទប់សម្លាប់មេរោគ ដែលប្រើប្រាស់កម្ដៅ និងបាញ់ផ្សែងថ្នាំសម្លាប់មេរោគទូទាំងរាងកាយ ដោយប្រើពេលត្រឹមតែ30វិនាទី ត្រូវបានមន្ទីរពេទ្យមួយចំនួនដាក់ឱ្យប្រើប្រាស់។
វិទ្យាស្ថានវេជ្ជសាស្ត្រជនជាតិភាគតិចទីក្រុងហូជីមិញ ប្រើប្រាស់បន្ទប់សម្លាប់មេរោគ ចាប់ពីថ្ងៃទី22មីនា ឆ្នាំ2020។ វិទ្យាស្ថាននេះ ទទួលពិនិត្យអ្នកជំងឺប្រហែល1,000នាក់ក្នុង1ថ្ងៃៗ ពិសេសគឺមនុស្សចាស់។ អ្នកដែលមកពិនិត្យជំងឺនៅទីនេះ ត្រូវបានណែនាំឱ្យលាងដៃនឹងអាល់កុល រួចចូលទៅក្នុងបន្ទប់សម្លាប់មេរោគ មុនពេលឈាមចូលក្នុងបរិវេណមន្ទីរពេទ្យ។ បុគ្គលិកពេទ្យទាំងអស់ក៏ត្រូវតម្រូវឱ្យធ្វើដូច្នេះ នៅមុន និងក្រោយការពិនិត្យអ្នកជំងឺ។
ថ្ងៃទី23មីនា មន្ទីរពេទ្យអន្តរជាតិ DNA ក៏បានដាក់ឱ្យប្រើបន្ទប់សម្លាប់មេរោគចល័ត ដែលមានសមត្ថភាពសម្លាប់មេរោគឱ្យមនុស្សចំនួន1,000នាក់ក្នុងមួយថ្ងៃៗ។ សកម្មភាពនេះ ត្រូវបានធ្វើឡើងទន្ទឹមនឹងការបាញ់ថ្នាំសម្លាប់មេរោគទូទាំងមន្ទីរពេទ្យ វាស់កម្ដៅខ្លួន លាងដៃដោយអាល់កុល ពាក់ម៉ាស់ និងឈុតការពារមេរោគទាំងអ្នកជំងឺ និងគ្រូពេទ្យ។ល។
សារធាតុសម្លាប់មេរោគ ដែលប្រើនៅក្នុងបន្ទប់សម្លាប់មេរោគចល័តនេះ គឺធាតុរាវ anolyte ដែលត្រូវបានអនុញ្ញាតឱ្យប្រើដោយក្រសួងសុខាភិបាលវៀតណាម និងអន្តរជាតិ ក្នុងការសម្លាប់មេរោគនានា ដូចជា បាក់តេរី វីរុស ផ្សិត សម្រាប់លាងដៃ សម្លាប់មេរោគលើឧបករណ៍សុខាភិបាល។ល។ សារធាតុ anolyte មិនប៉ះពាល់ដល់សុខភាព ឬស្បែក និងកោសិកាមនុស្សនោះទេ។ ទឹកអំបិលអ៊ីយ៉ុងក្នុងបន្ទប់សម្លាប់មេរោគនេះ ក៏អាចសម្លាប់មេរោគក្នុងច្រមុះ និងបំពង់កបានដែរ។
បន្ទប់សម្លាប់មេរោគមួយចំនួន ត្រូវបានដាក់នៅទីតាំងនៃកិច្ចប្រជុំនានា នៅឯទីក្រុងហាណូយ ហើយពេលខាងមុខ វានឹងត្រូវដាក់នៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសវៀតណាម។
បន្ទប់សម្លាប់មេរោគនេះ ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ស្ថិតក្រោមសម្ព័ន្ធយុវជនក្រុងហូជីមិញ(Ho Chi Minh City Youth Union) សហការជាមួយមហាវិទ្យាពហុបច្ចេកទេសហូជីមិញ។ បន្ទប់សម្លាប់មេរោគនេះ មានបំពាក់ឧបរកណ៍ចាប់រូបភាពមនុស្ស អំពូលភ្លើងផ្ដល់សញ្ញា ប្រព័ន្ធបាញ់ចំហាយថ្នាំសម្លាប់មេរោគស្វយប្រវត្ត មិនធ្វើឱ្យសើម អាចសម្លាប់មេរោគទូទាំងរាងកាយ ដោយប្រើពេលតែ30វិនាទីប៉ុណ្ណោះ។ បន្ទប់សម្លាប់មេរោគនេះ ក៏មានកង់ និងអាចដោះចេញ ងាយដឹកជញ្ជូន ព្រមទាំងមានផ្លូវសម្រាប់ជនពិការជើងដែលប្រើរទេះផងដែរ។ បន្ទប់នេះក៏នឹងឈប់បាញ់ចំហាយថ្នាំដោយខ្លួនឯង បើសិនគ្មានអ្នកប្រើប្រាស់។
លោក Doan Ngoc Hai ប្រធានមន្ទីរសុខភាពការងារ និងបរិស្ថាន របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា វៀតណាមបានដាក់ឱ្យប្រើប្រាស់វិធានការសម្លាប់មេរោគផ្សេងៗជាច្រើនដើម្បីទប់ស្កាត់វីរុស COVID-19 ដូចជាការលាងដៃនឹងអាល់កុល ជូតសម្លាប់មេរោគកន្លែងដែលប៉ះពាល់ច្រើនជាដើម ប៉ុន្តែ នៅលើរាងកាយមនុស្ស ដូចជាផ្ទៃមុខ ក ខោអាវជាដើម ក៏អាចមានជាប់មេរោគ។
ដោយមើលឃើញភាពជាក់ស្ដែងខាងលើ វិទ្យាស្ថានសុខភាពការងារ និងបរិស្ថាន សហការជាមួយមហាវិទ្យាល័យពហុបច្ចេកទេសហាណូយ ក៏បានបង្កើតប្រព័ន្ធសម្លាប់មេរោគទូទាំងរាងកាយនេះដែរ។ ប្រព័ន្ធសម្លាប់មេរោគនេះ មាន2បន្ទប់ គឺ1ជាបន្ទប់ស្ងួត និង1ទៀតជាបន្ទប់សើម។ បន្ទប់ស្ងួត សម្លាប់មេរោគដោយប្រើកម្ដៅ និងអូហ្សូន ខណៈបន្ទប់សើម គឺប្រើប្រាស់សារធាតុរាវដែលមានសមត្ថភាពក្នុងការសម្លាប់មេរោគ។
ប្រសិទ្ធភាពរបស់បន្ទប់ស្ងួត អាចសម្លាប់មេរោគបាន70% ចំណែកបន្ទប់សើមវិញ អាចសម្លាប់មេរោគរហូតដល់99.99%។ បន្ទប់សម្លាប់មេរោគនេះ មានតម្លៃប្រហែលពី 65-70លានឌុង (2,790-3,000ដុល្លារអាមេរិក)៕
ប្រភព៖ សារព័ត៌មានបរទេស