AFP- អ៊ីតាលី កាលពីថ្ងៃចន្ទ(ទី23មីនា) បានរាយការណ៍អំពីតួលេខអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ប្រចាំថ្ងៃ បានធ្លាក់ចុះជាថ្ងៃទី2 ជាប់ៗគ្នា តែយ៉ាងណាក្ដី វាបានសម្លាប់ជីវិតមនុស្សនៅក្នុងប្រទេសមួយនេះរួចទៅហើយជាង 6,000នាក់ ក្នុងរយៈពេលត្រឹមតែ 1ខែគត់ប៉ុណ្ណោះ។
នៅពេលនេះ អ៊ីតាលីបានរកឃើញតួលេខអ្នកស្លាប់ប្រចាំថ្ងៃ បានធ្លាក់ចុះពីលំដាប់ខ្ពស់បំផុតក្នុងពិភពលោក 793នាក់ កាលពីថ្ងៃសៅរ៍(ទី21មីនា) មកនៅសល់ត្រឹម 651នាក់ នៅថ្ងៃអាទិត្យ(ទី22មីនា) និងចុងក្រោយបំផុត នៅសល់ 601នាក់ប៉ុណ្ណោះកាលពីថ្ងៃចន្ទ(ទី23មីនា)។
ចំណែកតួលេខអ្នកឆ្លងមេរោគថ្មីប្រចាំថ្ងៃ ក៏បានធ្លាក់ចុះពីលំដាប់ខ្ពស់បំផុត 6,557 កាលពីថ្ងៃសៅរ៍(ទី21មីនា) នៅសល់ 4,789នាក់ កាលពីថ្ងៃចន្ទ(ទី23មីនា) ដែលអាចនិយាយបានថា ជាថ្ងៃដែលមានអ្នកឆ្លងមេរោគថ្មី តិចបំផុតក្នុងជុំ 5ថ្ងៃ។
លោក ជូលេអូ កាល់លេរ៉ា ប្រធានផ្នែកសាធារណសុខាភិបាលរបស់តំបន់ ឡមបាឌៀរ ដែលជាមូលដ្ឋានរបស់ទីក្រុងមីឡាន បានបង្ហាញខ្លួនតាមរយៈស្ថានីយទូរទស្សន៍ដោយស្នាមញញឹមជាលើកដំបូងក្នុងជុំជាច្រើនសប្ដាហ៍កន្លងមក ដោយលោកបានថ្លែងថា “យើងនៅមិនទាន់អាចប្រកាសជ័យជម្នះបានទេ តែវាមានពន្លឺភ្លើងនៅខាងចុងផ្លូវហើយ…”
យ៉ាងណាក៏ដោយ លោក ស៊ីលវីអូ ប្រ៊ូសាហ្វើរ៉ូ នាយកស្ថាប័នសាធារណសុខាភិបាលរបស់អ៊ីតាលី ដេលមើលទៅហាក់ដូចជាមានឥរិយាបថប្រយ័ត្នប្រយែងខ្លាំងជាង បានថ្លែងថា “វាជាចំនួនដែលជាសញ្ញាវិជ្ជមាន តែខ្ញុំសុំមិនបញ្ជាក់ច្បាស់លាស់ថា វាមានសញ្ញាថយចុះទេ”។
ប្រជាជនអ៊ីតាលីបានរើបម្រះស្វែងរកពន្លឺនៃក្ដីសង្ឃឹមមកជាយូរហើយ ក្រោយពីរស់នៅក្រោមសភាវបិទប្រទេសអស់ជាច្រើនសប្ដាហ៍រួចមក ដែលសូម្បីតែការរត់ហាត់ប្រាណនៅក្នុងសួនច្បារសាធារណៈ ក៏ត្រូវបានហាមឃាត់ដែរ។
តាមពីក្រោយតួលេខដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍(ទី21មីនា) លោកនាយករដ្ឋមន្ត្រី ជូសិបប៉េ ខន់តេ ចាំបាច់ត្រូវតែបញ្ចេញវិធានការដើម្បីកម្រិតសកម្មភាពផ្សេងៗបន្ថែមទៀត ក្នុងនោះរួមមានទាំង ការបញ្ជាបិទរោងចក្រនានាដែលមិនមានភាពចាំបាច់ផងដែរ។
លោក ខន់តេ បានចេញមកប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក ឱ្យផ្អាកដំណើរការកិច្ចការបែបពាណិជ្ជកម្មទូទាំងប្រទេស លើកលែងតែមុខជំនួញដែលមានភាពចាំបាច់ដល់ការរស់នៅ ឬពាក់ព័ន្ធនឹងការការពារការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីតែប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី បានថ្លែងថា ស៊ូភើរម៉ាឃិត និងឱសថស្ថាន នៅតែបើកផ្ដល់សេវាកម្ម ក្នុងខណៈដែលធនាគារ និងផ្នែកដឹកជញ្ជូនដែលសំខាន់ៗ ក៏នឹងនៅតែដំណើរការជាបន្ត ចំណែកមុខជំនួញផ្សេងៗទៀត ដែលមិនមានភាពចាំបាច់ក្នុងខណៈពេលនេះ នឹងត្រូវបញ្ជាហាមឃាត់មិនឱ្យដំណើរការទាំងអស់។
រហូតមកដល់ថ្ងៃនេះ(ទី24មីនា) តួលេខអ្នកឆ្លងមេរោគស្ថិតនៅក្នុងចំនួន 63,927នាក់ ក្នុងនោះមានអ្នកស្លាប់ 6,077នាក់៕
ប្រភព៖ សារព័ត៌មានបរទេស