ឃ្លីបវីដេអូស្ដីអំពីអ្នកជំងឺកូរ៉ូណានៅខាងក្នុងមន្ទីរពេទ្យ Infant Leonor ដែលស្ថិតនៅតំបន់ Madrid បានបង្ហាញថា អ្នកជំងឺជាច្រើនរូប ដេកនៅតាមបណ្ដោយផ្លូវដើរក្បែរបន្ទប់ ដើម្បីរង់ចាំបុគ្គលិកពេទ្យមកជួយសង្គ្រោះ។
ឃ្លីបវីដេអូ ដែលត្រូវបានថតនៅខាងក្នុងមន្ទីរពេទ្យ Infanta Leonor ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីចុងសប្ដាហ៍កន្លងទៅ បានបង្ហាញឱ្យឃើញទិដ្ឋភាពដ៏គួរឱ្យព្រួយបារម្ភ ខណៈដែលមានអ្នកជំងឺជាច្រើន ត្រូវដេកតាមបណ្ដោយផ្លូវដើរ ក្បែរបន្ទប់ព្យាបាលនានាក្នុងមន្ទីរពេទ្យ រង់ចាំគ្រូពេទ្យមកជួយសង្គ្រោះជីវិត។ នៅពេលដើរកាត់ទីនោះ គេឮសូរសំឡេងក្អកយ៉ាងច្បាស់ៗរបស់អ្នកជំងឺ ក្នុងនោះមានអ្នកខ្លះដេក អ្នកជំងឺខ្លះអង្គុយរង់ចាំនៅលើកៅអី។
ទីភ្នាក់ងារសារព័ត៌មាន EI Mundo របស់ប្រទេសអេស្ប៉ាញ បានឱ្យដឹងថា មន្ទីរពេទ្យ Severo Ochoa de Leganes នៅទីក្រុង Madrid ក៏ស្ថិតក្នុងស្ថានភាពដូចគ្នានេះដែរ ដោយមានអ្នកជំងឺជិត200នាក់ កំពុងរង់ចាំចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
មន្ទីរពេទ្យ Severo Ochoa de Leganes បានទទួលស្គាល់ថា ពួកគេ “មិនទទួលព្យាបាលអ្នកជំងឺបន្ថែមទៀត” នោះទេ ព្រោះបាន “លើសចំណុះច្រើនណាស់ទៅហើយ”។
តំណាងសហជីពសុខាភិបាលអេស្ប៉ាញ Javier Garcia បានឱ្យដឹងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងបណ្ដាមន្ទីរពេទ្យ គឺកំពុងដំណើរការ “លើសពីសមត្ថភាពរហូតដល់3ដង” ហើយមាន “អ្នកជំងឺជាច្រើន ត្រូវអង្គុយលើកៅអីជាង30ម៉ោង ដោយសារតែខ្វះគ្រែ”។
Jorge Mora តំណាងរបស់សមាគមថែទាំសុខភាពអេស្ប៉ាញ បាននិយាយថា មន្ទីរពេទ្យ Infanta Leonor កំពុងដំណើរការលើសពីសមត្ថភាពដែលខ្លួនមាន ដោយកំពុងព្យាបាលអ្នកជំងឺជាង 500នាក់ ដែលបានឆ្លងមេរោគ COVID-19 ក្នុងនោះមាន300នាក់វិជ្ជមាន និង230នាក់កំពុងតាមដានសុខភាព។
អេស្ប៉ាញ បច្ចុប្បន្នមានអ្នកឆ្លងមេរោគ COVID-19 ជាង35,130នាក់ ក្នុងនោះមានអ្នកជំងឺជជាង 2,311នាក់បានបាត់បង់ជីវិត។
នៅទូទាំងពិភពលោក គិតមកដល់ពេលនេះ មានអ្នកឆ្លងរោគ COVID-19 សរុប 381,744នាក់ ក្នុងនោះមាន 16,558នាក់បានស្លាប់ និងជាង12,062នាក់ទៀតអាចបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស