កាលពីប៉ុន្មានថ្ងៃមុននេះ ម៉ីយ៉ានម៉ា គឺជាប្រទេស1 ក្នុងចំណោមប្រទេសដ៏តិចតួចក្នុងពិភពលោក ដែលមិនទាន់មានករណីឆ្លងមេរោគកូរ៉ូណា ក៏ប៉ុន្តែ ថ្ងៃនេះ មីយ៉ានម៉ា បានបញ្ជាក់អំពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃចន្ទទី23មីនា។
លោកស្រី អ៊ុងសានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ ដែលជាអ្នកដឹកនាំប្រទេសដោយប្រយោល ធ្លាប់បានអះអាងកាលពីថ្ងៃទី16មីនាថា ប្រទេសនេះ មិនទាន់មានករណីឆ្លងមេរោគ COVID-19 នៅឡើយ។
កាលពីល្ងាចថ្ងៃចន្ទកន្លងទៅ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានឱ្យដឹងថា បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់អាយុ36ឆ្នាំដែលធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាម៉េរិក និង បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់អាយុ26ឆ្នាំ ដែលត្រឡប់មកពីអង់គ្លេស ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកមេរោគកូរ៉ូណា COVID-19។
ក្រសួងសុខាភិបាលនៃប្រទេសមីយ៉ានម៉ា ក៏បានប្រកាសថា នឹងស្រាវជ្រាវរកពលរដ្ឋទាំងឡាយណាដែលបានទាក់ទងផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺខាងលើនេះផងដែរ។
ដូច្នេះ នៅតំបន់អាស៊ីអាគ្នេយ៍ នៅសល់តែប្រទេស1គត់ដែលមិនទាន់មានករណីឆ្លងវីរុសកូរ៉ូណា COVID-19 នោះគឺសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
ប្រភព៖ សារព័ត៌មានបរទេស