មនុស្សប្រមាណជាជាង 1ពាន់លាននាក់ នៅក្នុងប្រទេស និងដែនដីជាង50 ត្រូវបានបង្ខំ និងស្នើឱ្យនៅក្នុងផ្ទះ ខណៈដែលរដ្ឋាភិបាលចាត់វិធានការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា COVID-19។
យ៉ាងហោចណាស់មានប្រទេស និងដែនដីចំនួន34ក្នុងពិភពលោក ដែលមានប្រជាជនជាង659លាននាក់ បានចាត់វិធានការដាក់បម្រាមគោចរ និងស្នើឱ្យពលរដ្ឋនៅក្នុងផ្ទះ ខណៈដែលវីរុស COVID-19 កាន់តែឆ្លងរាលដាលខ្លាំងនៅស្ទើរគ្រប់ទិសទីលើភពផែនដី។ បណ្ដាប្រទេសដែលបានចាត់វិធានការក្ដៅខាងលើនេះ ក៏មានប្រទេសបារាំង អ៊ីតាលី អាហ្សង់ទីន រដ្ឋកាលីហ្វ័រញ៉ារបស់សហរដ្ឋអាមេរិក ប្រទេសអ៊ីរ៉ាក់ និង រវ៉ាន់់ដាផងដែរ។
ក្រិកគឺជាប្រទេសថ្មីបំផុតដែលទើបបានដាក់បម្រាមគោចរ បង្ខំឱ្យពលរដ្ឋនៅក្នុងផ្ទះ ហើយបទបញ្ជានេះ មានសុពលភាពចាប់ពីព្រឹកមិញនេះ។ ប្រទេសកូឡុំប៊ី នឹងដាក់បម្រាមគោចរដោយបង្ខំ ចាប់ពីថ្ងៃទី24មីនា និងប្រទេស នូវែលហ្សេឡង់ ក៏អនុវត្តបទបញ្ជាដូចគ្នានេះ ចាប់ពីថ្ងៃទី25មីនា។ យ៉ាងណាក៏ដោយ ក៏នឹងនៅតែមានករណីលើកលែងខ្លះ ដូចជា ការធ្វើដំណើរទៅក្រៅដើម្បីទិញសម្ភារចាំបាច់ ឬទៅធ្វើការចាំបាច់ជាដើមផងដែរ។
យ៉ាងតិចណាស់ក៏មានប្រទេសចំនួន4 ដែលមានប្រជាជនច្រើនជាង228លាននាក់ រួមមានអ៊ីរ៉ង់ អាល្លឺម៉ង់ និងអង់គ្លេសជាដើម បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន នៅតែក្នុងផ្ទះ និងកាត់បន្ថយការជួបផ្ទាល់ជាមួយអ្នកដទៃ។
មានប្រទេស និងដែនដីយ៉ាងហោចចំនួន10 ដែលមានប្រជាជនសរុបជាង 117លាននាក់ បានចេញបទបញ្ជាហាមធ្វើដំណើរនៅពេលយប់។ វិធានការទាំងនេះ ត្រូវបានអនុវត្តនៅក្នុងប្រទេស ប៊ូគីណាហ្វាសូ ប្រទេសឈីលី រដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន ប្រទេសស៊ែប៊ី និងប្រទេសម៉ូរីតានី ខណៈដែលប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីតនឹងអនុវត្តបទបញ្ជានេះ ចាប់ពីយប់នេះតទៅ រហូតដល់មានបទបញ្ជាថ្មី។
ក្រៅពីនេះក៏នៅមានតំបន់ និងទីក្រុងជាច្រើនទៀតដែលចាត់វិធានការដូចខាងលើ មានដូចជាទីក្រុងអាល់ម៉ាទីរបស់ប៊ុលហ្គារី ទីក្រុងណឺរស៊ុលតង់របស់ប្រទេសកាហ្សាក់ស្ថាន ទីក្រុងបាគូនៃប្រទេសអាហ្សែបែហ្សង់ រដ្ឋអូហៃអូ រដ្ឋល្វីសសាណា រដ្ឋដេឡាវ៉ារ និងរដ្ឋភីឡាដិលភានៃសហរដ្ឋអាមេរិកជាដើម ដោយមានប្រជាជនសរុបជិត30លាននាក់។
វីរុស COVID-19 មកដល់បច្ចុប្បន្ន មានវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន192 នៅទូទាំងពិភពលោក បន្ទាប់ពីបានឆ្លងរាលដាលនៅប្រទេសចិន ចាប់ពីខែធ្នូ ឆ្នាំ2019។ រោគរាតត្បាតនេះ បានធ្វើឱ្យមនុស្សជាង 360,524នាក់បានកើតជំងឺ និងជាង 15,490បានបាត់បង់ជីវិត ខណៈជាង 11,649នាក់ កំពុងប្រឈមនឹងការស្លាប់៕
ប្រភព៖ សារព័ត៌មានបរទេស