ជារៀងរាល់ព្រឹក អ្នកគ្រូ Liao Xiaolan អាយុ40ឆ្នាំ តែងតែនាំយកតុ កៅអី កុំព្យូទ័រ និងឧបករណ៍ផ្សេងទៀត ធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅ ដែលមានចម្ងាយប្រហែល1គីឡូម៉ែត្រពីផ្ទះ ដើម្បីបង្រៀនសិស្សាតាមអនឡាន។
Liao Xiaolan ដែលជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រនៃសាលាមធ្យមសិក្សាមួយនៅក្នុងទីក្រុង Hangzhou នៃខេត្ត Zhejiang ប្រទេសចិន បានមកសួរសុខទុក្ខឪពុកម្ដាយ នៅតំបន់ភ្នំ Jinggang កាលពីរដូវចូលឆ្នាំចិនកន្លងទៅ។ នៅដើមខែកុម្ភៈ បន្ទាប់ពីមានមនុស្ស2នាក់បានឆ្លងវីរុស COVID-19 ភូមិរបស់ Liao ក៏ត្រូវបានគេដាក់បម្រាមគោចរ ធ្វើឱ្យនាង និងប្ដី ត្រូវជាប់នៅក្នុងតំបន់ Jinggang។
តាមការប្រកាសរបស់សាលាដែលនាងធ្វើការ គ្រូបង្រៀនទាំងអស់ ត្រូវចាប់ផ្ដើមបង្រៀនសិស្សតាមអនឡាញចាប់ពីថ្ងៃទី10កុម្ភៈ ដូចទៅនឹងសាលាផ្សេងៗក្នុងប្រទេសចិន។ ប្រការនេះ បង្កផលលំបាកដល់នាង ព្រោះផ្ទះឪពុកម្ដាយរបស់នាង ត្រូវព័ន្ធជុំវិញទៅដោយភ្នំខ្ពស់ៗ ធ្វើឱ្យនាងពិបាកប្រើប្រាស់អ៊ីនធើណិត។ Liao មិនអាចត្រឡប់ទៅ Hangzhou ហើយក៏មិនអាចចេញទៅទីរួមស្រុកដែលនៅជិតនោះ ដើម្បីប្រើអ៊ីនធើណិតបានដែរ។
ដើម្បីដោះស្រាយបញ្ហានេះ អ្នកគ្រូ Liao ក៏បានកែច្នៃប្រព័ន្ធចាប់សញ្ញាអ៊ីធើណិត ដោយប្រើដើមឫស្សី ខ្សែភ្លើង និងបន្ទះសៀគ្វី (Printed circuit board)។ ប្ដីរបស់នាង ដែលជាគ្រូបង្រៀនផ្នែកបច្ចេកទេសនៅឯសាកលវិទ្យាល័យមួយ ក៏ បានជួយរៀបចំផ្នែកបច្ចេកទេសឱ្យនាង។
2ថ្ងៃ មុនពេលចាប់ផ្ដើមបង្រៀនតាមអនឡាញ អ្នកគ្រូ Liao និងប្ដី បានចូលទៅក្នុងព្រៃតាំងពីព្រលឹម ដើម្បីស្វែងរកកន្លែងដែលអាចចាប់សញ្ញាអ៊ីនធើណិតបានល្អ។ នៅពេលរសៀល ពួកគេក៏បានរកឃើញកន្លែងល្អមួយក្នុងព្រៃជ្រៅ ដែលមានចម្ងាយប្រហែល1គីឡូម៉ែត្រពីផ្ទះរបស់ឪពុកម្ដាយរបស់នាង ជាកន្លែងដែលអាចចាប់សញ្ញាអ៊ីនធើណិតបានល្អជាងគេ។
បើទោះជាមានបទពិសោធន៍ក្នុងការបង្រៀនជាច្រើនឆ្នាំ ប៉ុន្តែ អ្នកគ្រូ Liao នៅតែមានអារម្មណ៍ភ័យៗ នៅមុនពេលចាប់ផ្ដើមបង្រៀនតាមអនឡាញជាលើកដំបូង។ “ខ្ញុំពិតជាមានការព្រួយបារម្ភ មិនដឹងថា កូនសិស្សនឹងគិតបែបណា នៅពេលឃើញខ្ញុំនៅក្នុងព្រៃបែបនេះ ហើយក៏មិនដឹងថា ឧបករណ៍ចាប់សញ្ញាអ៊ីនធើណិត ដំណើរការល្អ ឬយ៉ាងណានោះដែរ”។
ព្រឹកព្រលឹមថ្ងៃទី10 ខែកុម្ភៈ នៅពេលសន្សើមនៅគ្របដណ្ដប់កំពូលភ្នំនៅឡើយ អ្នកគ្រូ Liao បានទៅដល់កន្លែងធ្វើការរបស់នាង ដោយអង្គុយនៅក្រោមដើមឈើតូចធំ ដើម្បីបង្រៀនតាមអនឡាញដល់សិស្សដែលនៅឆ្ងាយពីនាងជាង700គីឡូម៉ែត្រ។
Liu Xuan ដែលជាសិក្សម្នាក់ក្នុងចំណោមសិស្សរបស់អ្នកគ្រូ Liao បានឱ្យដឹងថា ខ្លួនមានសាលារៀនខុសពីគេ។ “ពេលខ្ញុំបានឃើញអ្នកគ្រូអង្គុយនៅក្នុងព្រៃនៃតំបន់ភ្នំ ដ៏ស្ងាត់ជ្រងំ ហើយជុំវិញមានសុទ្ធតែស្លឹកឈើជ្រុះដដេរដាសបែបនេះ ខ្ញុំអាណិតអ្នកគ្រូខ្លាំងណាស់”។
រាល់ពេលដែលបានបញ្ចប់ការបង្រៀននៅក្នុងបរិយាកាសត្រជាក់នៃរដូវរងា ជើងទាំង2របស់អ្នកគ្រូ Liao ក៏តែងតែស្ពឹកស្រពន់ រឹងអស់ចង្កេះ ស្ទើរដើរលែងរួច។ អ្នកគ្រូរូបនេះ បានបន្តការបង្រៀនតាមអនឡានបែបនេះ រហូតដល់ចុងខែកុម្ភៈ ហើយក៏បានត្រឡប់ទៅកាន់ Hangzhou នៅដើមខែមីនា និងបានបន្តបង្រៀនតាមអនឡាញនៅទីនោះ។ អ្នកគ្រូ Liao បានវាយតម្លៃខ្ពស់ទៅលើការបង្រៀន និងរៀនតាមអនឡាញ នៅក្នុងករណីពិសេស និងចាំបាច់បែបនេះ ប៉ុន្តែ អ្នកគ្រូបាននិយាយថា វាហាក់ខ្វះអន្តរកម្ម ពោលគឺខ្វះទំនាក់ទំនងស៊ីជម្រៅ និងពិបាកយល់គ្នាទៅវិញទៅមក។
អ្នកគ្រូ Liao បន្តថា “ការបង្រៀនតាមអនឡាញ វាពិបាកបន្តិចមែន ប៉ុន្តែ បើធៀបនឹងភារកិច្ចរបស់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកាចសាហាវ COVID-19 វិញ កិច្ចការរបស់ខ្ញុំ គឺជាការរួមចំណែកដ៏តូចល្អិតមួយតែប៉ុណ្ណោះ។
មកដល់ថ្ងៃទី23មីនា រោគរាតត្បាត COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន192 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សជាង 343,000នាក់ ត្រូវឆ្លងមេរោគ និងជាង 14,700នាក់បាត់បង់ជីវិត។ ប្រទេសចិន មកដល់បច្ចុប្បន្ន បានរកឃើញអ្នកឆ្លង COVID-19 ចំនួនជាង 81,000នាក់ ក្នុងនោះមានជាង 3,200នាក់បានស្លាប់៕
ប្រភព៖ សារព័ត៌មានបរទេស