បុរសជាវេជ្ជបណ្ឌិតវ័យ29ឆ្នាំ ធ្វើការនៅក្នុងមន្ទីរពេទ្យជាតិជំងឺត្រូពិក ត្រូវបានរកឃើញថា មានផ្ទុកវីរុស COVID-19 ដូច្នេះគាត់បានក្លាយជាបុគ្គលិកសុខាភិបាលដំបូងគេដែលបានឆ្លងមេរោគកូរ៉ូណានៅកន្លែងធ្វើការ។
វេជ្ជបណ្ឌិតរូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកជំងឺកូរ៉ូណាទាំង3នាក់ ដែលត្រូវបានក្រសួងសុខាភិបាល ប្រកាសឱ្យដឹងនាព្រឹកនេះ ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគ COVID-19 នៅប្រទេសវៀតណាម កើនដល់116នាក់។
វេជ្ជបណ្ឌិតខាងលើ ដែលត្រូវបានចាត់ទុកជា “អ្នកជំងឺទី116” នេះ ធ្វើការផ្នែកសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យជាតិផ្នែកជំងឺត្រូពិក (National Hospital Of Tropical Diseases) ទី2 នៅតំបន់ Dong Anh ទីក្រុងហាណូយ។ តួនាទីរបស់វេជ្ជបណ្ឌិតនេះ គឺធ្វើរោគវិនិច្ឆ័យទៅលើអ្នកដែលត្រូវសង្ស័យឆ្លងមេរោគ ព្យាបាលអ្នកជំងឺដែលបានឆ្លងមេរោគ និងសង្គ្រោះបន្ទាន់ចំពោះអ្នកជំងឺកូរ៉ូណាធ្ងន់ធ្ងរ។
ក្នុងពេលធ្វើការ វេជ្ជបណ្ឌិតនេះ មានសម្ភារវេជ្ជសាស្ត្រការពារខ្លួនគ្រប់គ្រាន់។ ក្រោយម៉ោងធ្វើការ គ្រូពេទ្យនេះក៏សម្រាកនៅក្នុងកន្លែងដាច់ដោយឡែកសម្រាប់បុគ្គលិកសុខាភិបាល ដែលនៅក្នុងមន្ទីរពេទ្យ។
ថ្ងៃទី19 ខែមីនា គាត់មានអាការឈឺក្រហាយបំពង់ក។ ថ្ងៃទី20មីនា គាត់មានអាការក្អក ឈឺសាច់ដុំ ក្ដៅខ្លួន។ ថ្ងៃទី21មីនា គាត់ក៏បានបង្ខាំងខ្លួនឯងនៅក្នុងបន្ទប់ត្រៀមសង្គ្រោះបន្ទាន់មួយ ហើយបានធ្វើតេស្តរកវីរុសកូរ៉ូណា។ លទ្ធផលបានបង្ហាញថា គាត់មានផ្ទុកមេរោគ COVID-19។
បុគ្គលិកសុខាភិបាលទាំងអស់ដែលបានធ្វើការជាមួយវេជ្ជបណ្ឌិតខាងលើ ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែងបង្ខាំងដាច់ដោយឡែក ដើម្បីធ្វើតេស្ត និងតាមដានសុខភាព។
ចំណែកអ្នកជំងឺ2នាក់ផ្សេងទៀតដែលត្រូវបានរកឃើញវីរុស COVID-19 ក្នុងពេលជាមួយគ្នានឹងលោកវេជ្ជបណ្ឌិតខាងលើនេះដែរនោះ គឺមានម្នាក់មកពីប្រទេសឆែក (Czech) និងម្នាក់ទៀតមកពីប្រទេសហូឡង់។
គិតមកដល់ពេលនេះ ប្រទេសវៀតណាម បានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន116ករណី ក្នុងនោះមាន17ករណីបានជាសះស្បើយ។ អ្នកជំងឺក្រៅពីនេះ ដែលក្នុងនោះមានបុគ្គលិកសុខាភិបាលចំនួន3នាក់ផងដែរនោះ ក៏កំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។
នៅទូទាំងពិភពលោក អ្នកបានឆ្លងមេរោគ COVID-19 បានកើនដល់ 339,039នាក់ ក្នុងនោះមាន 99,014នាក់បានជាសះស្បើយ និង14,698នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស