មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក យ៉ាឌុលឡោះហ៍ ខាមេនេអ៊ី កាលពីថ្ងៃទី22 មីនា ម្សិលមិញ បានប្រកាសមិនទទួលយកជំនួយគ្រប់រូបបែបពីសហរដ្ឋអាមេរិក សម្រាប់វិបត្តិមេរោគវីរុសកូរ៉ូណារាតត្បាត។ រកឃើញលោក លែរី អ៊ែដច៍វើធ(Larry Edgworth) បុគ្គលិកស្ថាប័នព័ត៌មានសហរដ្ឋអាមេរិក NBD News ស្លាប់កាលពីថ្ងៃព្រហស្បតិ៍(ទី19មីនា) បន្ទាប់ពីមិត្តរួមការងារម្នាក់ ដឹងលទ្ធផលឆ្លងមេរោគ 1ថ្ងៃមុន។ ទីក្រុងនីវយ៉ក រកឃើញអ្នកឆ្លងមេរោគថ្មី ចំនួន 8,115នាក់ ចំនួនស្លាប់ហក់ឡើងដល់ជាង 300នាក់ ជាប់លំដាប់លេខ3 ទូទាំងពិភពលោក ចំណែកអ៊ីតាលី ក្នុង 1ថ្ងៃ(ម្សិលមិញ)មានអ្នកស្លាប់ចំនួន 793នាក់។
CNN របស់សហរដ្ឋអាមេរិក បានរាយការណ៍នៅថ្ងៃនេះ(ទី23មីនា)ថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក យ៉ាឌុលឡោះហ៍ ខាមេនេអ៊ី កាលពីថ្ងៃអាទិត្យ(ទី22មីនា) បានចេញមកបដិសេធការជួយសង្គ្រោះពីសហរដ្ឋអាមេរិក សម្រាប់វិបត្តិការឆ្លងរាតត្បាតរបស់វីរុសកូវីដ-19 ដោយបានចង្អុលបង្ហាញថា “វាជារឿងចម្លែកខ្លាំងណាស់” ដោយមេដឹកនាំអ៊ីរ៉ង់ បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន អាចប្រើការជួយសង្គ្រោះខាងវេជ្ជសាស្ត្ររបស់ខ្លួននេះ ដើម្បីវាយប្រហារអ៊ីរ៉ង់។
“ជួនកាល ការជួយសង្គ្រោះខាងវេជ្ជសាស្ត្រដែលបានរៀបចំឱ្យនេះ អាចជាឧបករណ៍មួយដើម្បីធ្វើឱ្យការឆ្លងរាតត្បាតនេះ កាន់តែអាក្រក់ទៅ ដូច្នេះទើបយើងគ្មានថ្ងៃនឹងជឿអ្នកឯងឡើយ”
CNN បានចង្អុលបង្ហាញថា គឺជាការថ្លែងដែលបានផ្សព្វផ្សាយតាមទូរទស្សន៍ក្នុងថ្ងៃចូលឆ្នាំថ្មីរបស់ប្រទេសអ៊ីរ៉ង់ ដោយលោក ខាមេនេអ៊ីថែមទាំងបានចំអកទៀតថា “វាជារឿងចម្លែកខ្លាំងណាស់” ដែលសហរដ្ឋអាមេរិកស្នើផ្ដល់ការជួយសង្គ្រោះខាងវេជ្ជសាស្ត្រ ទាំងក្នុងពេលនេះ កើតមានបញ្ហាខ្វះខាតផ្នែកនេះនៅក្នុងប្រទេសរបស់ខ្លួន ដោយមេដឹកនាំកំពូលអ៊ីរ៉ង បញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងមានបញ្ហាខ្វះខាតផ្នែកឧបករណ៍វេជ្ជសាស្ត្រ។
យោងតាមតួលេខពីមហាវិទ្យាល័យ ចន ហប់ឃីនស៍ កាលពីថ្ងៃម្សិលមិញ(ទី22មីនា)បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់មានចំនួនអ្នកឆ្លងមេរោគ 20,610នាក់ ស្លាប់ 1,556នាក់ និងជាសះស្បើយចំនួន 7,635នាក់ ខណៈដែលសហរដ្ឋអាមេរិក មានអ្នកឆ្លងមេរោគជាប់លំដាប់លេខ3 ក្នុងពិភពលោកក្នុងពេលនេះ ចំនួន 26,747នាក់ ស្លាប់ 340នាក់ និងជាសះស្បើយ 176នាក់។
សម្រាប់ នីវយ៉ក ស៊ីធី ចុងក្រោយបំផុត មានការប្រកាសរកឃើញអ្នកឆ្លងមេរោគថ្មីចំនួន 8,115នាក់ និងស្លាប់ 60នាក់ ពីចំនួនទាំងអស់ 1,450នាក់ដែលបានចូលព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះរកឃើញអ្នកធ្ងន់ធ្ងរចំនួន 370នាក់។
ចំណែកប្រទេសអេស្ប៉ាញ មានចំំនួនអ្នកឆ្លងមេរោគ 25,496នាក់ ស្លាប់ 1,381នាក់ និងនៅអ៊ីតាលី មានអ្នកឆ្លង 53,578នាក់ ស្លាប់ 4,825នាក់។ កាលពីថ្ងៃសៅរ៍ អ៊ីតាលីមានអ្នកស្លាប់ចំនួន 793នាក់ ដែលធ្វើឱ្យនៅទូទាំងប្រទេសអ៊ីតាលី មានចំនួនអ្នកស្លាប់ខ្ពស់ជាងចិន ដោយទាំងអស់នេះយោងតាមគណៈកម្មការសុខភាពនៃប្រទេសចិនដែលបានរកឃើញថា មានចំនួនអ្នកស្លាប់ 3,261នាក់ និងអ្នកឆ្លងមេរោគសរុប 81,054នាក់ និងមានអ្នកជាសះស្បើយចំនួន 72,244នាក់។
ផូលីទីកូ សារព័ត៌មានសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃសុក្រ(ទី20មីនា)ថា បុគ្គលិករបស់ស្ថានីយព័ត៌មាន NBC News លែរី អ៊ែដច៍វើធ បានស្លាប់ដោយសារវីរុសកូរ៉ូណា កាលពីថ្ងៃព្រហស្បតិ៍(ទី19មីនា) ដោយប្រធានគប់គ្រងរបស់ក្រុមហ៊ុន លោក អ៊ែនឌី លេកខ៍ បានប្រកាសឱ្យបានដឹងតាមរយៈកំណត់ត្រានៅក្នុងថ្ងៃសុក្រ។
បុគ្គលិក NBC News បានដឹងលទ្ធផលនៃការឆ្លងមេរោគរបស់ លែរី អ៊ែដច៍វើធ នៅថ្ងៃពុធ(ទី18មីនា) និងបានដឹងថា លែរី បានធ្វើការនៅក្នុងស្ថាប័នព័ត៌មានមួយនេះយូរណាស់មកហើយ ភាគច្រើននៅក្នុងបន្ទប់ឱបករណ៍ និងពេលមុននេះ ក្នុងឋានៈជាអ្នកបច្ចេកទេសសំឡេងរយៈពេល 25ឆ្នាំមកហើយជាមួយ NBC News៕
ប្រភព ៖ សារព័ត៌មានបរទេស