ប្រធានស្នងការដ្ឋាននគរបានទីក្រុង New York បានបញ្ជាក់ថា មន្ត្រីប៉ូលិសជាង50នាក់របស់ស្នងការដ្ឋាននេះ បានឆ្លងវីរុសកូរ៉ូណា COVID-19 ប៉ុន្តែ មានតែម្នាក់គត់ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សារព័ត៌មាន Fox News បានរាយការណ៍ថា កងកម្លាំងនគរបាលធំបំផុតនៅសហរដ្ឋអាមេរិក កំពុងតែប្រឈមនឹងការកើនឡើងខ្ពស់ និងឆាប់រហ័សនៃតួលេខអ្នកឆ្លង COVID-19 ក្នុងក្រុមប៉ូលីស នៅក្នុងសង្កាត់1 នៃតំបន់Manhattan ជាទីតាំងដែលរងផលប៉ះពាល់ខ្លាំងជាងគេ។
យោងតាមប្រភពខាងលើ មានប៉ូលីសរហូតដល់31នាក់នៅក្នុងសង្កាត់1 មានលទ្ធផលវិជ្ជមានជាមួយនឹង COVID-19 ស្មើនឹង17% នៃកម្លាំងសរុប ធ្វើឱ្យនាយកដ្ឋានប៉ូលិសទីក្រុង New York ត្រូវបញ្ជូនមន្ត្រីនគរបាលបន្ថែមទៅកាន់ទីនោះ។
ស្នងការដ្ឋាននគរបាលទីក្រុង New York លោក Dermot Shea បានឱ្យដឹងថា ពួកគេកំពុងតែរៀបចំកាលវិភាគការងារ បង្កើនការអនាម័យ។ល។ លោក បន្តថា នៅទីនេះមានវេជ្ជបណ្ឌិត1ក្រុម មានតួនាទីពិនិត្យ និងសម្រេចទៅលើការបង្ខាំងឱ្យនៅដោយឡែកចំពោះប៉ូលិសរូបណាដែលត្រូវបានសង្ស័យថា អាចមានផ្ទុកមេរោគ COVID-19។
ក៏ប៉ុន្តែ ខាងសហជីពនគរបាល បាននិយាយថា អធិការដ្ឋាននគរបាលទីក្រុង New York មិនបានផ្ដល់សម្ភារការពារសុវត្ថិភាពសុខភាពដែលសមស្របទៅឱ្យមន្ត្រីនគរបាលនោះទេ។
ស្ថានភាពរោគរាតត្បាត COVID-19 កំពុងតែអាក្រក់ទៅៗនៅសហរដ្ឋអាមេរិក ដោយសារករណីឆ្លងរោគនេះ បានកើនឡើងរហ័សពីមួយថ្ងៃទៅមួយថ្ងៃ។ សហរដ្ឋអាមេរិក គិតមកដល់បច្ចុប្បន្ន បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាសរុបជាង 26,000ករណី និងស្លាប់ 326ករណី។
New York គឺជារដ្ឋដែលមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក ដោយរដ្ឋនេះមានអ្នកឆ្លងរោគជាង 10,300ករណី៕
ប្រភព៖ សារព័ត៌មានបរទេស