ប្រទេសថៃ ទើបបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ចំនួន188ករណីបន្ថែមទៀត ខណៈវៀតណាមបានរកឃើញអ្នកជំងឺថ្មីចំនួន12ករណីបន្ថែមទៀតដែរនៅក្នុងថ្ងៃនេះ។
ប្រទេសថៃ
អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ Taweesin Wisanuyothin បានឱ្យដឹងថា “ករណីរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ភាគច្រើននៅក្នុងរាជធានីបាងកក”។
Wisanuyothin បន្ថែមថា ក្នុងចំណោមអ្នកមានផ្ទុកមេរោគ COVID-19 ទាំងអស់ មាន7នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ 44នាក់បានជាសះស្បើយ និងម្នាក់បានបាត់បង់ជីវិត។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលខ្លាំង ប្រទេសថៃ បានប្រកាសបិទមជ្ឈមណ្ឌលពាណិជ្ជកម្មទាំងអស់នៅក្នុងទីក្រុងបាងកក ចាប់ពីថ្ងៃទី22មីនាដល់12មេសា។ល។ នៅថ្ងៃនេះដែរ កម្ពុជានិងភាគីថៃ ក៏បានសម្រេចបិទច្រកទ្វារព្រំដែននៃប្រទេសទាំងពីរគ្រប់កម្រិតជាបណ្តោះអាសន្ន រយៈពេល14ថ្ងៃ ចាប់ពីថ្ងៃទី23 ខែមីនា ដល់ថ្ងៃទី5 ខែមេសា ឆ្នាំ2020 ផងដែរ។
ក្រៅពីនេះ ប្រទេសថៃក៏បានបន្តបិទសាលារៀន និងក្លិបរាត្រីបន្ថែម22ថ្ងៃទៀត ហើយអ្នកណាដែលបានរំលោភលើបទបញ្ជានេះនឹងត្រូវជាប់ព័ន្ធនាគារ1ឆ្នាំ ឬពិន័យជាប្រាក់100,000បាត (ប្រហែល4,000ដុល្លារអាមេរិក)។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ថៃជាច្រើនក៏បានផ្អាកសេវាកម្មផងដែរ។
ប្រទេសវៀតណាម
នៅក្នុងថ្ងៃនេះ ប្រទេសវៀតណាម បានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន12នាក់បន្ថែមទៀត ក្នុងនោះមានជនជាតិវៀតណាម10នាក់ និងជនជាតិអង់គ្លេស2នាក់។ អ្នកជំងឺដែលទើបតែត្រូវបានរកឃើញនេះ ភាគច្រើនស្ថិតនៅក្នុងទីក្រុងហូជីមិញ។
ប្រទេសវៀតណាមបានធ្វើតេស្តរកវីរុស COVID-19 បានជាង 17,148ករណី និងកំពុងបង្ខាំងដើម្បីតាមដានសុខភាពចំនួនជាង53,000ករណី ក្នុងនោះមាន30.295ករណី កំពុងបង្ខាំងនិងតាមដានសុខភាពនៅឯផ្ទះ ឬកន្លែងស្នាក់នៅរបស់ពួកគេ។
គិតត្រឹមព្រលប់ថ្ងៃទី22មីនានេះ ប្រទេសវៀតណាមមានអ្នកឆ្លងរោគកូរ៉ូណាសរុប 106ករណី ក្នុងនោះមាន17ករណីបានជាសះស្បើយ ជាង90ករណីកំពុងទទួលការព្យាបាល ក្នុងចំណោមនេះ មាន5ករណី កំពុងប្រឈមនឹងការស្លាប់។
នៅទូទាំងពិភពលោក គិតមកដល់ម៉ោងនេះ មានអ្នកឆ្លងរោគ COVID-18 ចំនួន318.254នាក់ ក្នុងនោះមាន96.010នាក់បានជាសះស្បើយ និង13.671នាក់បានបាត់បង់ជីវិត៕
ប្រភព៖សារព័ត៌មានបរទេស