កងទ័ពសហរដ្ឋអាមេរិកប្រចាំនៅទ្វីបអឺរ៉ុប បានស្នើឱ្យទាហាន និងបុគ្គលិកស៊ីវិលរបស់ខ្លួនចំនួន 2,600នាក់ ធ្វើការបង្ខាំងខ្លួនឯង ព្រោះសង្ស័យថា បានឆ្លង COVID-19 ក្នុងចំណោមនោះ មាន35នាក់ បានឆ្លងមេរោគនេះរួចហើយ។
បញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅអឺរ៉ុប(EUCOM) កាលពីម្សិលមិញបានប្រកាសឱ្យដឹងថា អ្នកទាំងនេះ ដែលកំពុងធ្វើចត្តាឡីស័ក(ដាក់ឱ្យនៅដាច់ដោយឡែក) គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19។ EUCOM ក៏បានទទួលស្គាល់ថា ទាហានចំនួន35នាក់ ក្នុងចំណោម 2,600នាក់ បានឆ្លងវីរុសកូរ៉ូណា។
មេបញ្ជាការ EUCOM លោក Tod Wolters បានថ្លែងថា ទាហានចំនួន72នាក់របស់កងកម្លាំង EUCOM កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធាននានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ។
យោងតាមសេតវិមាន គិតមកដល់ទី20មីនា យ៉ាងហោចមានទាហាន និងបុគ្គលិកស៊ីវិលចំនួន 67នាក់ បានឆ្លងវីរុស COVID-19 កើនឡើងជា3ដង ធៀបនឹងចំនួនអ្នកឆ្លងរោគកាលពីដើមសប្ដាហ៍។ មនុស្ស2នាក់់ដែលកំពុងធ្វើការនៅក្នុងមន្ទីរបញ្ចកោណ(Pentagon) ក៏ត្រូវបានរកឃើញថា មានផ្ទុកវីរុសកូរ៉ូណានេះដែរ។ សរុបមក នៅទូទាំងសហរដ្ឋអាមេរិក មកដល់ពេលនេះ មានអ្នកឆ្លងរោគ COVID-19 ចំនួន19.774នាក់ ក្នុងនោះមាន 275នាក់បានបាត់បង់ជីវិត។
នៅទូទាំងពិភពលោក វីរុស COVID-19 បានសម្លាប់មនុស្សចំនួន 11.419នាក់ ចំណែកអ្នកបានឆ្លងរោគនេះ មានចំនួន 276.698នាក់ ក្នុងនោះមាន7.914នាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត។ រីឯអ្នកដែលបានជាពីជំងឺ មានចំនួន 91.954នាក់៕
ប្រភព៖ សារព័ត៌មានបរទេស