ក្រុមបុគ្គលិកពេទ្យដែលជាគិលានុបដ្ឋាយិកានៃមន្ទីរពេទ្យ Northwick Park បានបង្ហើបឱ្យដឹងថា ពួកគេកំពុងតែធ្វើការដោយហួសកម្លាំង ព្រោះតែមានអ្នកជំងឺច្រើនពេក ហើយពួកគេក៏ត្រូវប្រើថង់ផ្លាស្ទិកមកប្រើជំនួសសម្ភារវេជ្ជសាស្ត្រ ដើម្បីការពារខ្លួន។
នៅក្នុងសេចក្ដីប្រកាសមួយដែលផ្ញើទៅកាន់បុគ្គលិករបស់ខ្លួនកាលពីថ្ងៃទី20មីនា មន្ទីរពេទ្យ Northwick Park ដែលមានទីតាំងនៅក្នុងទីក្រុងឡុងដ៍ បានឱ្យដឹងថា មន្ទីរពេទ្យនេះអស់គ្រែពិសេសរលីងហើយ ក្រោយពីចំនួនអ្នកជំងឺដែលឆ្លងវីរុស COVID-19 បានកើនឡើងយ៉ាងឆាប់រហ័ស។ អ្នកជំងឺ6នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យនេះ និងរាប់សិបនាក់ផ្សេងទៀតកំពុងត្រូវដកដង្ហើមដោយពឹងលើម៉ាស៊ីនជំនួយ។
បុគ្គលិកពេទ្យដែលបានបង្ហើបឱ្យដឹងអំពីបញ្ហាប្រឈមក្នុងមន្ទីរពេទ្យ Northwick Park ខាងលើ បានស្នើសុំម៉ាស់ វ៉ែនតា និងស្រោមដៃ ដោយសារបុគ្គលិកនៅក្នុងមន្ទីរពេទ្យនេះ ត្រូវបង្ខំចិត្តយកថង់ដាក់សំរាម មកគ្របក្បាល និងជើង ព្រោះខ្វះសម្ភារការពារខ្លួន។
បច្ចុប្បន្ន ប្រទេសអង់គ្លេសមានអ្នកផ្ទុកមេរោគ COVID-19 ជិត4,000នាក់ ក្នុងនោះមាន177នាក់បានស្លាប់។ ក្រុមអ្នកតាមដានយល់ថា តួលេខខាងលើនេះ អាចមិនទាន់បង្ហាញអំពីតួលេខពិតនៅឡើយ ព្រោះថា មានតែអ្នកជំងឺនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះដែលត្រូវបានស្រង់ស្ថិតិ។ មន្ត្រីប្រទេសអង់គ្លេសមានការព្រួយបារម្ភថា មនុស្សប្រមាណជា180,000នាក់ ប្រហែលជាបានឆ្លងមេរោគ COVID-19 ខណៈដែលក្រុមអ្នកជំនាញ បានសន្និដ្ឋានថា អ្នកស្លាប់អាចមានដល់ទៅ1,000នាក់។
កាលពីថ្ងៃទី20មីនា ប្រទេសអង់គ្លេសបានស្នើឱ្យអាជ្ញាធរ បិទហាងកាហ្វេ ហាងស្រា ក្លិប KTV ភោជនីយដ្ឋាន កន្លែងប្រគំតន្ត្រី និងមជ្ឈមណ្ឌលកម្សាន្តផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុស COVID-19នេះ៕
ប្រភព៖ សារព័ត៌មានបរទេស