Natali ដែលជាវេជ្ជបណ្ឌិតអ៊ីតាលី1រូប ធ្លាប់ព្យាបាលអ្នកជំងឺកូរ៉ូណារាប់សិបនាក់ ក៏បានបាត់បង់ជីវិត ដោយសារវីរុស COVID-19 ខណៈគាត់កំពុងធ្វើចត្តាឡីស័ក(បង្ខាំងខ្លួនឱ្យនៅដាច់ដោយឡែក) នៅក្នុងបន្ទប់ព្យាបាល។
សហព័ន្ធវេជ្ជបណ្ឌិត និងក្រុមវេជ្ជបណ្ឌិតពហុឯកទេសជាតិអ៊ីតាលី កាលពីម្សិលមិញបានឱ្យដឹងថា វេជ្ជបណ្ឌិត Marcello Natali អាយុ57ឆ្នាំ បានបាត់បង់ជីវិតនៅថ្ងៃទី18មីនា បន្ទាប់ពីបានឆ្លងមេរោគកូរ៉ូណា COVID-19។
វេជ្ជបណ្ឌិតរូបនេះ ធ្វើការនៅក្នុងមន្ទីរពេទ្យទីក្រុង Codogno ខេត្ត Lodi ក្នុងតំបន់ Lombardy ភាគខាងជើងប្រទេសអ៊ីតាលី ជាកន្លែងដែលរោគកូរ៉ូណារាតត្បាតខ្លាំងជាងគេនៃប្រទេសនេះ។ វេជ្ជបណ្ឌិតដែលមានកូន2នាក់រូបនេះ ក៏ធ្លាប់ធ្វើជាលេខាធិការនៃសហព័ន្ធវេជ្ជបណ្ឌិតពហុឯកទេស នៅក្នុងទីក្រុង Lodo និងជាទីប្រឹក្សារបស់ក្រុមគ្រូពេទ្យដទៃ ព្រមទាំងបានព្យាបាលអ្នកជំងឺដែលបានឆ្លងវីរុស COVID-19 រាប់សិបនាក់នៅក្នុងតំបន់ Lodi ផងដែរ។
យោងតាមសារព័ត៌មានអឺរ៉ុប វេជ្ជបណ្ឌិត Natali បានស្លាប់ម្នាក់ឯង ដោយមិនមានអ្នកនៅក្បែរ ខណៈពេលកំពុងបង្ខាំង និងព្យាបាលដាច់ដោយឡែកក្នុងមន្ទីរពេទ្យ។ “ខ្ញុំអស់ទឹកភ្នែកដើម្បីយំទៀតហើយ។ គាត់មិនគួរទទួលលទ្ធផលបែបនេះសោះ” មេដឹកនាំសហព័ន្ធវេជ្ជបណ្ឌិត លោក Silvestro Scotti បានបង្ហោះសារដូច្នេះ នៅលើបណ្ដាញសង្គម Facebook ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធមិត្តរបស់ខ្លួន។
នៅមុនពេលត្រូវបានធ្វើតេស្តរកមេរោគ COVID-19 លោកវេជ្ជបណ្ឌិត Natali ធ្លាប់បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាលើកចុងក្រោយ ដោយលោកបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនសម្រាប់ក្រុមគ្រូពេទ្យដែលនៅជួរមុខ។ លោកថ្លែងថា “អស់ស្រោមដៃការពារវត្ថិភាពហើយ។ ប្រាកដណាស់ថា យើងមិនបានត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់នឹងស្ថានភាពនេះ”។
គិតត្រឹមថ្ងៃទី19មីនា លោក Natali គឺជាគ្រូពេទ្យម្នាក់ ក្នុងចំណោមវេជ្ជបណ្ឌិតចំនួន13រូបនៅ “សមរភូមិ” ជួរមុខ ក្នុងប្រទេសអ៊ីតាលី បានស្លាប់ក្នុងពេលកំពុងព្យាបាលអ្នកជំងឺកូរ៉ូណា COVID-19។ ប្រទេសអ៊ីតាលី គឺជាសម្បុកមេរោគធំជាងគេបង្អស់នៅអឺរ៉ុប និងធំជាងគេលំដាប់ទី2 ក្នុងពិភពលោក ដោយមានអ្នកឆ្លងរោគជាង 47,000នាក់ និងជាង 4,000នាក់បានបាត់បង់ជីវិត។ អ៊ីតាលីក៏មានបុគ្គលិកសុខាភិបាលជាង2,600នាក់ បានឆ្លងមេរោគ COVID-19នេះដែរ។
មេរោគបង្កជំងឺរលាកសួតប្រភេទថ្មី COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន185 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្ស 276,104នាក់បានឆ្លងរោគ និង11.402នាក់បាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស