សមាជិកសភា​អឺរ៉ុប ឆ្លង​វីរុស COVID-19

សមាជិកសភា​អឺរ៉ុប ឆ្លង​វីរុស COVID-19
លោក Adam Jarubas អាយុ​45​ឆ្នាំ គឺជា​សមាជិក​ម្នាក់​នៃ​ក្រុម​នយោបាយ​ប្រជា​ជន​អឺរ៉ុប(EPP) នៅ​ក្នុង​សភា​អឺរ៉ុប(EP) និង​ជា​អនុប្រធាន​នៃ​គណបក្ស​ប្រជា​ជន​ប៉ូឡូញ PSL

តំណាង​រាស្ត្រ​ប្រទស​ប៉ូឡូញ1រូប​ កាល​ពី​ម្សិល​មិញ បាន​ប្រកាស​ថា បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ដូច្នេះ គាត់​បាន​ក្លាយ​ជា​សមាជិក​ដំបូង​គេ​នៃ​សភា​អឺរ៉ុប ដែល​បាន​​ឆ្លង​រោគ​រាត​ត្បាត​នេះ​។

“អ្នក​រាល់​គ្នា ខ្ញុំ​បាន​ធ្វើ​តេស្ត​រក​វីរុស COVID-19។ លទ្ធ​ផល​គឺ​វិជ្ជ​មាន​។ ខ្ញុំ​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ និង​មាន​អារម្មណ៍​ថាមិន​អី​នោះ​ទេ​។ ខ្ញុំ​នឹង​ជា​ពី​ជំងឺ ហើយ​យើង​នឹង​ឆ្លង​ផុត​គ្រោះ​អាសន្ន​នេះ​។ យើង​ត្រូវ​តែ​រឹង​មាំឡើង​។ សូម​អរគុណ​គ្រូពេទ្យ អ្នក​ថែ​ទាំ និង​អ្នក​គាំទ្រ។ សូម​ចាំ​ថា ត្រូវ​តែ​នៅ​ក្នុង​ផ្ទះ។ សូម​ជូន​ពរ​អ្នក​រាល់​គ្នា​ សុខ​ភាព​ល្អ​” តំណាង​រាស្ត្រ​ប៉ូឡូញ​ដែល​បាន​ឆ្លង​ COVID-19 បង្ហោះ​សារ​បែប​នេះ​នៅ​លើ​ទំព័រ​ Twitter របស់​ខ្លួន កាល​ពី​ថ្ងៃទី​20មីនា​។

លោក Adam Jarubas អាយុ​45​ឆ្នាំ គឺជា​សមាជិក​ម្នាក់​នៃ​ក្រុម​នយោបាយ​ប្រជា​ជន​អឺរ៉ុប(EPP) នៅ​ក្នុង​សភា​អឺរ៉ុប(EP) និង​ជា​អនុប្រធាន​នៃ​គណបក្ស​ប្រជា​ជន​ប៉ូឡូញ PSL។ លោក Adam Jarubas បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​សភា​អឺរ៉ុប កាល​ពី​ថ្ងៃទី 9-10មីនា ឆ្នាំ​2020 ក្រោយ​មក​ក៏បាន​ត្រឡប់​មក​កាន់​ប្រទេស​ប៉ូឡូញ នៅ​ថ្ងៃទី​11មីនា​។ នេះ​បើ​តាម​សារ​ព័ត៌មានAFP។

EP បាន​ឱ្យ​ដឹង​ថា នាយក​ដ្ឋាន​សុខាភិបាល​ បាន​ទទួល​ដំណឹង​នេះ និង​បាន​ទាក់​ទង​ទៅ​កាន់​លោក Adam Jarubas រួច​រាល់​ហើយ​ដែរ​។ លោក Jaume Duch អ្នក​នាំ​ពាក្យ​របស់​ EP បាន​ថ្លែង​ថា “EP មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ដែល​ទាក់​ទិន​នឹង​ករណី​ឆ្លង​ COVID-19 របស់​សមាជិក​ផ្សេង​ទៀត​នៅ​ឡើយ​”។

ប្រទេស​ប៉ូឡូញ បាន​រក​ឃើញ​អ្នក​ផ្ទុក COVID-19 សរុប​378​ករណី​ កើន​23​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ ក្នុង​នោះ​មាន​6នាក់​បាន​ស្លាប់ និង​13​នាក់​បាន​ជា​សះស្បើយ​។

វីរុស​បង្ក​ជំងឺ​រលាក​សួតប្រភេទ​​ថ្មី​ COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ក្នុង​ទីក្រុង​ Wuhan ខេត្ត​ Hubei នៃ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​បច្ចុប្បន្ន​ វា​បាន​បង្ហាញ​​វត្តមាន​នៅ​ក្នុង​ប្រទេស និង​ដែន​ដី​​ជាង​170 នៅ​ទូទាំង​ពិភពលោក ធ្វើ​ឱ្យ​មនុស្ស​ជិត​ 245,000​នាក់​បាន​កើត​ជំងឺ​ និង​ជាង​10,000​នាក់​បាន​បាត់បង់ជីវិត​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement