
ថ្ងៃនេះ ប្រទេសអ៊ីតាលី បានប្រកាសឱ្យដឹងថា ប្រទេសនេះមានករណីស្លាប់ដោយសារមេរោគកូរ៉ូណា COVID-19 ចំនួន627ករណីបន្ថែមទៀត ដែលនេះធ្វើឱ្យចំនួនអ្នកស្លាប់សរុប ឡើងដល់4,032នាក់។
នាយកដ្ឋានការពារជនស៊ីវីល(Protezione Civile (Dipartimento della Protezione Civile) របស់អ៊ីតាលី កាលពីម្សិលមិញ បានឱ្យដឹងដែរថា ប្រទេសនេះបានរកឃើញអ្នកផ្ទុក COVID-19 ចំនួន5,986ករណីបន្ថែមទៀត នាំឱ្យតួលេខនៃអ្នកបានឆ្លងរោគកូរ៉ូណា ឡើងដល់ 47,021នាក់ ក្នុងនោះមាន 5,129នាក់បានជាសះស្បើយ។
ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏កើន627ករណីបន្ថែមទៀត គឺស្មើនឹង 18.4% បើធៀបនឹងមុននេះមួយថ្ងៃពោលគឺខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ធ្វើឱ្យអ្នកស្លាប់កើនដល់ 4,032ករណី។ មុននេះមួយថ្ងៃ អ៊ីតាលីបានក្លាយជាប្រទេសដែលមានអ្នកជំងឺកូរ៉ូណា ស្លាប់ច្រើនជាងគេបំផុតក្នុងពិភពលោក។ ចំនួនអ្នកស្លាប់នៅប្រទេសចិន គឺមានជាង3,200ករណី ខណៈប្រទេសនេះមានអ្នកឆ្លងរោគ COVID-19 សរុបជិត 81,000នាក់។

គិតមកដល់ព្រឹកនេះ(21មីនា) COVID-19 មានវត្តមាននៅក្នុងប្រទេស និងដែនដីជាង170 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សជិត 245,000នាក់បានឆ្លងរោគ និងជាង10,000នាក់បានស្លាប់៕
ប្រភព៖ សារព័ត៌មានបរទេស
