ប្រទេសម៉ាឡេស៊ី បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាថ្មី 130ករណីបន្ថែមទៀត នាំឱ្យចំនួនអ្នកឆ្លងរោគ COVID-19 ក្នុងប្រទេសនេះ កើនដល់ 1,030នាក់ គឺខ្ពស់ជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានអ្នកស្លាប់ចំនួន3ករណី។
ក្នុងចំណោមករណីឆ្លងថ្មី130នាក់ មាន48នាក់ធ្លាប់បានចូលរួមក្នុងពិធីសាសនាមួយដែលមានសាសនិកអ៊ីស្លាមប្រមាណជា16,000នាក់់បានចូលរួម នៅឯវិហារ Sri Petaling ជាយក្រុង Kuala Lumpur កាលពីខែកុម្ភៈ។ ចំនួនករណីឆ្លង COVID-19 នៅអាស៊ីអាគ្នេយ៍ដែលជាប់ទាក់ទិននឹងពិធីសាសនាគឺមាន 670ករណី ដោយឡែកនៅម៉ាឡេស៊ីគឺ624ករណី។
អាជ្ញាធរម៉ាឡេស៊ីបានឱ្យដឹងថា អ្នកជំងឺទី3ដែលបានស្លាប់ដោយសារ COVID-19 នៅប្រទេសនេះ គឺជាបុរសវ័យ58ឆ្នាំម្នាក់ ធ្លាប់បានចូលរួមក្នុងពិធីសាសនាខាងលើនេះដែរ។ មនុស្សប្រហែល 4,000នាក់ ក្នុងចំណោមសាសនិក 14,500ដែលបានចូលរួមក្នុងពិធីសាសនាខាងលើ ក៏ត្រូវបានធ្វើតេស្តរកមេរោគ។
គិតត្រឹមយប់នេះ(20មីនា) នៅទូទាំងពិភពលោក មានប្រទេស និងដែនដីចំនួន182ហើយដែលបានរកឃើញករណីឆ្លង COVID-19។ នៅទូទាំងពិភពលោក មានមនុស្សចំនួន 256.802នាក់បានឆ្លងវីរុស COVID-19 ក្នុងនោះមាន 10.540នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស