ក្រសួងសុខាភិបាលអ៊ីរ៉ង់ឱ្យដឹងថា រៀងរាល់10នាទី វីរុស COVID-19នេះ អាចសម្លាប់បានមនុស្សម្នាក់ ខណៈចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនៅមជ្ឈិមបូពា៌មួយនេះឡើងដល់ 1.433នាក់។
ព័ត៌មានខាងលើនេះ ត្រូវបានអ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Kianush Jahanpur បង្ហោះនៅលើទំព័រ Twitter កាលពីថ្ងៃទី19មីនាកន្លងទៅ។ លោកបានឱ្យដឹងថា “មនុស្សប្រមាណជា 50នាក់ ត្រូវឆ្លងមេរោគ បន្ទាប់ពី1ម៉ោងកន្លងផុតទៅ”។
ប្រទេសអ៊ីរ៉ង់ កាលពីម្សិលមិញ បានប្រកាសថា បានរកឃើញអ្នកជំងឺកូរ៉ូណាថ្មីចំនួន 1,046នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកបានឆ្លងមេរោគសរុបឡើងដល់ 19.644នាក់ និង149នាក់បានស្លាប់ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ធ្វើឱ្យចំនួនអ្នកស្លាប់សរុបមកដល់ពេលនេះ បានឡើងដល់ 1.433នាក់។
ប្រទេសអ៊ីរ៉ង់ បច្ចុប្បន្នគឺជាតំបន់ដែលត្រូវរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារការរាតត្បាតនៃមេរោគ COVID-19 នៅមជ្ឈិមបូព៌ា ប៉ុន្តែ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ Alireza Raisi បានថ្លែងថា តួលេខនៃអ្នកឆ្លងមេរោគថ្មីប្រចាំថ្ងៃ បានថយចុះខ្លះ។ លោកបញ្ជាក់ថា ការថយចុះនេះ គឺដោយសារពលរដ្ឋអ៊ីរ៉ង់ បានអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani កាលពីម្សិលមិញ (19មីនា) បានចេញបទបញ្ជាឱ្យបិទរាល់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារនានា លើកលែងតែហាងទំនិញចាំបាច់ ដូចឱសថស្ថាន និងហាងលក់គ្រឿងទេសជាដើម ក្នុងរយៈពេល15ថ្ងៃ ចាប់ពីថ្ងៃទី21មីនាតទៅ។
គិតត្រឹមយប់នេះ(20មីនា) COVID-19 បានរាលដាលដល់ប្រទេស និងដែនដីចំនួន182 នៅទូទាំងពិភពលោក និងបានធ្វើឱ្យមនុស្ស 255.943នាក់បានឆ្លងរោគ ជាង10.496នាក់បានស្លាប់ និងជាង89,910នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស