អ្នកលេងបណ្ដាញសង្គមនៅក្នុងប្រទេសអ៊ីតាលី បានបង្ហាញឃ្លីបគួរឱ្យអាណោចអាធម្ម និងសោកសៅយ៉ាងខ្លាំង នៅពេលឃើញរថយន្តយោធា 15គ្រឿងបើកជាជួរវែង ដឹកសាកសពអ្នកស្លាប់ដោយសារវីរុសកូវីដ-19 យកទៅធ្វើពិធីតាមសាសនា នៅក្នុងទីក្រុង ប៊ែរកាណូ ស្ថិតនៅប៉ែកខាងកើតឆៀងខាងជើងនៃទីក្រុង មីឡាន របស់អ៊ីតាលី។
ជនជាតិអ៊ីតាលីម្នាក់ដែលបានឃើញទិដ្ឋភាពនេះ បាននិយាយថា ជាទិដ្ឋភាពគួរសោកសៅបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស ខណៈដែលម្នាក់ទៀត និយាយថា វាគឺជាសង្គ្រាម…។
សារព័ត៌មានអ៊ីតាលីបានបញ្ជាក់ថា មានការដឹកជញ្ជូនក្ដារមឈូសដែលផ្ទុកសាកសពប្រមាណជា 70 យកទៅធ្វើបុណ្យតាមសាសនាកាលពីយប់ថ្ងៃពុធ(ទី18 មីនា)។
លោក ជីអាខូម៉ូ អាន់កេឡូនី មន្ត្រីក្នុងតំបន់ដែលទទួលខុសត្រូវកន្លែងបញ្ចុះសព ក្នុងទីក្រុង ប៊ែរកាណូ បាននិយាយថា ព្រះវិហារដែលត្រូវប្រារព្ធពិធី ត្រូវរើយកកៅអីវែងៗចេញមកក្រៅទាំងអស់ ដើម្បីឱ្យមានទីកន្លែងសម្រាប់តម្កល់ក្ដារមឈូស ដែលមានចូលមកថែមជារៀងរាល់ថ្ងៃ។
វិបត្តិសាកសពមានច្រើនលើសលប់ បានបង្ហាញឱ្យយើងមើលឃើញថា តើមន្ទីរពេទ្យនៅតំបន់ភាគខាងជើងនៃប្រទេសអ៊ីតាលី ត្រូវទទួលរងសម្ពាធធ្ងន់ធ្ងរប៉ុនណា ក្នុងស្ថានការណ៍រោគរាតត្បាតបែបនេះ?
អភិបាលមណ្ឌល ឡមបារឌី ដែលទីក្រុងប៊ែរកាណូស្ថិតនៅក្នុងនោះដែរ បាននិយាយថា គ្រូពេទ្យ និងគិលានុបដ្ឋាកក្នុងតំបន់ ជិតនឹងទប់ទល់លែងរួចហើយ…ហើយបើសិនជាថ្ងៃណា បុគ្គលិកពេទ្យទាំងនោះ អស់ទាំងកម្លាំងកាយ និងចិត្ត ថ្ងៃនោះហើយ គឺជាមហាគ្រោះថ្នាក់ និងភយន្តរាយសម្រាប់ប្រទេសអ៊ីតាលីយ៉ាងពិតប្រាកដ…។
លោកនាយករដ្ឋមន្ត្រី ជូសិបប៉េ ខន់តេ បានប្រកាសបង្ខាំងប្រជាជនទូទាំងប្រទេស ដើម្បីគ្រប់គ្រងមេរោគ តែអ៊ីតាលីនៅតែមានចំនួនអ្នកឆ្លង និងស្លាប់កើនឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ ចុងក្រោយបំផុត មានអ្នកឆ្លងមេរោគចំនួន 41.035នាក់ និងស្លាប់ 3,405នាក់(វ៉ាដាច់ចិនទៅហើយ)។
អាជ្ញាធរ បានថ្លែងថា នៅមានប្រជាជនចំនួនច្រើនណាស់ ដែលមិនធ្វើតាមបញ្ជាឱ្យនៅតែក្នុងផ្ទះ និងបានទាមទារឱ្យរដ្ឋរឹតបន្តឹងជាងនេះទៀត៕
ប្រភព ៖ សារព័ត៌មានបរទេស