ប្រទេសអ៊ីតាលី បានរកឃើញអ្នកជំងឺសរុប 41,035ករណី និងករណីស្លាប់ដោយសារ COVID-19 ចំនួន 3,405នាក់ ខណៈដែលចំនួនអ្នកស្លាប់នៅប្រទេសចិន (ចិនដីគោក) មានចំនួន 3,245នាក់។
មជ្ឈមណ្ឌលការពារជនស៊ីវិលអ៊ីតាលី កាលពីម្សិលមិញបានឱ្យដឹងថា ប្រទេសនេះបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន5,322ករណីបន្ថែមទៀត នាំឱ្យចំនួនអ្នកឆ្លងរោគនេះ ឡើងដល់ 41,035នាក់។ ចំនួនករណីស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសនេះ មានចំនួន3,405នាក់ គឺកើន427ករណី បើធៀបនឹងមុននោះមួយថ្ងៃ។ ប្រការនេះ ធ្វើឱ្យអ៊ីតាលី ក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុស COVID-19 ច្រើនបំផុតក្នុងពិភពលោក។
អត្រាអ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសអ៊ីតាលី គឺ 8.3% ខ្ពស់ជាងទ្វេដង បើធៀបនឹងអត្រាមធ្យមទូទាំងពិភពលោក។ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលនៃប្រទេសចិន ដែលមកជួយអ៊ីតាលី បាននិយាយថា វិធានការនានាដែលត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹង COVID-19 នៅប្រទេសអ៊ីតាលី មិនទាន់មានភាពខ្លាំងក្លានៅឡើយ។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន 176 នៅទូទាំងពិភពលោក ធ្វើឱ្យមនុស្សជាង 227,000នាក់បានឆ្លងរោគ និងជាង 9,300នាក់បានស្លាប់៕
ប្រភព៖ សារព័ត៌មានបរទេស