ព្រះអង្គម្ចាស់ Albert II នៃប្រទេសម៉ូណាកូ (Monaco) ព្រះជន្ម 62វស្សា បានឆ្លងមេរោគ COVID-19 ក្លាយជាអ្នកដឹកនាំកំពូលដំបូងរបស់ពិភពលោក ផ្ទុកមេរោគកូរ៉ូណានេះ។
រាជវាំងម៉ូណាកូ ថ្ងៃនេះបានប្រកាសថា ព្រះអង្គម្ចាស់ Albert II ត្រូវបានធ្វើតេស្តកាលពីដើមសប្ដាហ៍នេះ ហើយលទ្ធផលថ្មីៗនេះ បានបង្ហាញថា ទ្រង់មានផ្ទុកមេរោគ COVID-19។ ព្រះអង្គម្ចាស់ព្រះជន្ម 62វស្សានេះ គឺជាមេដឹកនាំប្រទេសដំបូងគេក្នុងលោក ដែលបានឆ្លងវីរុស COVID-19។
យោងតាមសេចក្ដីប្រកាសរបស់ព្រះមរមរាជវាំងម៉ូណាកូ ទ្រង់ Albert II បច្ចុប្បន្ន នៅមានសុខភាពធម្មតា ហើយទ្រង់ក៏នៅតែធ្វើការក្នុងបន្ទប់ដោយឡែកក្នុងរាជវាំង។ ប៉ុន្តែ ទ្រង់ក៏កំពុងទទួលការព្យាបាល និងតាមដានពីក្រុមវេជ្ជបណ្ឌិតផងដែរ។
ព្រះអង្គម្ចាស់ Albert បានឡើងគ្រងរាជ្យ ចាប់ពីឆ្នាំ2005 បន្ទាប់ពីបិតាទ្រង់បានសោយទិវង្គត។ ទ្រង់ក៏បានអំពាវនាវឱ្យពលរដ្ឋ 39.000នាក់របស់ទ្រង់ គោរពតាមវិធានការនានារបស់រដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា។ បច្ចុប្បន្ន គេមិនទាន់ដឹងថា មហេសីរបស់ទ្រង់ ឆ្លងវីរុសនេះដែរ ឬទេនៅឡើយ។ នាយករដ្ឋមន្ត្រីម៉ូណាកូ លោក Serge Telle កាលពី3ថ្ងៃមុនក៏ត្រូវបានប្រកាសថា បានឆ្លងមេរោគ COVID-19 នេះដែរ។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន 176 នៅទូទាំងពិភពលោក ធ្វើឱ្យមនុស្សជាង 227,000នាក់បានឆ្លងរោគ និងជាង 9,300នាក់បានស្លាប់។
គិតត្រឹមថ្ងៃនេះ ប្រទេសម៉ូណាកូ មានអ្នកឆ្លងរោគ COVID-19 ចំនួន9នាក់។ មេដឹកនាំប្រទេសនេះ បានស្នើឱ្យបិទទីតាំងសាធារណៈនានា ចាប់ពីថ្ងៃទី21មីនាខាងមុខ ដើម្បីបញ្ចៀសការឆ្លងរាលដាលបន្ត៕
ប្រភព៖ សារព័ត៌មានបរទេស