“បើសិនជាប្រទេសណាដែលធ្វើបានល្អទៅលើការដាក់បម្រាមគោចរ និងធ្វើតេស្ត បន្ទាប់ពី6-10សប្ដាហ៍ទៅមុខ ចំនួនករណីឆ្លងរោគក្នុងប្រទេសទាំងនោះ នឹងថយចុះមកនៅតិចតួចបំផុត ហើយអាចដកបម្រាមគោចរឡើងវិញបាន” លោក Bill Gates មានប្រសាសន៍ឆ្លើយតបទៅនឹងសំណួរ1 នៅលើបណ្ដាញសង្គម Teddit កាលពីថ្ងៃពុធកន្លងទៅ។
ដោយចង់ជំរុញឱ្យមនុស្សគ្រប់គ្នារក្សាភាពនឹងនរ និងធ្វើតាមវិធានការសុវត្ថិភាព លោក Bill Gates ដែលជាស្ថាបនិក និងជាសប្បុរសជនរបស់ក្រុមហ៊ុន Microsoft បានថ្លែងថា បណ្ដាប្រទេសដែលបានចាត់វិធានការផ្សេងៗបានល្អ ដូចជាការធ្វើសេស្តរកវីរុសកូរ៉ូណា និងផ្អាករាល់សកម្មភាពមិនចាំបាច់ ប្រទេសទាំងនោះនឹងបានឃើញសេដ្ឋកិច្ច និងសុខុមាលភាពប្រជាជន ល្អប្រសើរឡើងវិញនាប៉ុន្មានសប្ដាហ៍ខាងមុខ។
មហាសេដ្ឋ Bill Gates ថ្លែងថា ការរួមផ្សំរវាងការធ្វើតេស្តរកមេរោគ និងការដាក់ឱ្យនៅដាច់ដោយឡែក គឺពិតជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មេរោគកូរ៉ូណាបានយ៉ាងល្អ។
លោក Bill Gates បានសេរសេរបន្តថា “ដំណាក់កាលបច្ចុប្បន្ន មានការឆ្លងរាលដាលមេរោគដ៏ច្រើនករណី នៅក្នុងបណ្ដាប្រទេសអ្នកមាន។ ជាមួយនឹងសកម្មភាពត្រឹមត្រូវ រួមមានការធ្វើតេស្ត និងបម្រាមគោចរ (ដែលខ្ញុំហៅថា “shut down”) នៅក្នុងរយៈពេលពី2-3ខែទៅមុខទៀត ប្រទេសអ្នកមានទាំងនោះ នឹងអាចគេចផុតពីការឆ្លងរាលដាលកម្រិតខ្ពស់មិនខាន”។
គាត់បន្តថា “ខ្ញុំមានការព្រួយបារម្ភអំពីការខាតបង់ផ្នែកសេដ្ឋកិច្ច ប៉ុន្តែ បញ្ហាអាក្រក់ជាងនេះ នឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ជាបណ្ដាប្រទេសដែលមិនអាចដាក់បម្រាមគោចរដូចទៅនឹងបណ្ដាប្រទេសអ្នកមាន ហើយប្រព័ន្ធសុខាភិបាលក៏នៅមានកម្រិត”។
មហាសេដ្ឋីរូបនេះ ថ្លែងថា មូលនិធិ Gates Foundation បានសន្យាថា នឹងផ្ដល់ថវិកាចំនួនដល់ទៅ100លានដុល្លារអាមេរិក ដើម្បីជួយដោះសា្រយបញ្ហាវិបត្តិសុខភាព COVID-19 នៅទូទាំងពិពលោក ក៏ដូចជាការផ្ដល់5លានដុល្លារអាមេរិក ដើម្បីជួយដល់រដ្ឋ Washington ដែលជាសម្បុកមេរោគកូរ៉ូណាដ៏ធំមួយនៅសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុង New York។
លោក Bill Gates ឱ្យដឹងថា មូលនិធិ Gates Foundation កំពុងតែធ្វើការជាមួយក្រុមនានា ដែលធ្វើសកម្មភាពទាក់ទិននឹងរោគវិនិច្ឆ័យ ការព្យាបាល និងវ៉ាក់សាំង ដើម្បីធានាឱ្យបានប្រាកដថា កិច្ចខិតខំប្រឹងប្រែងត្រឹមត្រូវ ត្រូវបានផ្តល់អាទិភាព។
“យើងចង់ធ្វើឱ្យប្រាកដថា ប្រទេសទាំងអស់ ទទួលបានជំនួយទាំងនេះ។ យើងបានបរិច្ចាគចំនួន 100លានដុល្លារអាមេរិក នៅក្នុងខែកុម្ភៈ សម្រាប់កិច្ចការផ្សេងៗជាច្រើន ហើយយើងនឹងធ្វើច្រើនជាងនេះទៀត”។
“អាទិភាពសំខាន់មួយ នោះគឺជាការធានាឱ្យបាននូវលទ្ធភាពនៃការផលិតថ្នាំព្យាបាល និងថ្នាំវ៉ាក់សាំងការពារ។ យើងខ្ញុំក៏បាន និងកំពុងខិតខំជួយជ្រោមជ្រែងវិស័យផ្សេងៗ ដូចជាក្រុមអប់រំរបស់យើង ដែលកំពុងធ្វើការដើម្បីធានាឱ្យធនធាននៅលើអនឡាញសម្រាប់សិស្សានុសិស្ស មានប្រយោជន៍ច្រើនបំផុត តាមដែលអាចធ្វើទៅបាន” នេះបើតាមការបញ្ជាក់របស់មហាសេដ្ឋី Bill Gates៕
ប្រភព៖ សារព័ត៌មានបរទេស