មែននី ប៉ាកគីអាវ កំពូលអ្នកប្រដាល់ វីរបុរសជនជាតិហ្វីលីពីន បានសហការជាមួយអ្នកជំនួញល្បីឈ្មោះលំដាប់ពិភពលោក ជែក ម៉ា ចែកឈុតពិនិត្យរកមេរោគវីរុសកូវីដ-19 ដល់ប្រជាជននៅក្នុងប្រទេសកំណើតរបស់ខ្លួន ក្រោយកើតការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេស។
ហ្វីលីពីន ក៏ជាប្រទេសមួយ ដែលគេចមិនផុតពីការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 មកពីប្រទេសចិនដែរ និងយ៉ាងណាក្ដី ក្នុងនាមជាវីរបុរសនៃប្រទេសហ្វីលីពីន មែននី ប៉ាកគីអាវ ដែលមានមុខតំណែងជាតំណាងរាស្ត្រនៅក្នុងសភា ក៏មិនអាចបោះបង់ចោលប្រជាជនបានដែរ។
កំពូលអ្នកប្រដាល់ជនជាតិតាកាឡុក បានថ្លែងប្រាប់តាមរយៈសារព័ត៌មានថា ខ្លួនបានប្រើថវិកាក្នុងមូលនិធិផ្ទាល់ខ្លួន មែននី ប៉ាកគីអាវ ហ្វោនដេស្សិន និងអាស្រ័យភាពជិតស្និទ្ធស្អិតល្មួតជាមួយ ជែក ម៉ា បានរួមគ្នាចែកឈុតពិនិត្យរកមេរោគកូវីដ-19 ហ្វ្រ៊ី ជូនប្រជាជនហ្វីលីពីន ដើម្បីពិនិត្យរកមេរោគរយៈដំបូង មុននឹងទៅជួបគ្រូពេទ្យ។
“យើងមានអារម្មណ៍រំភើបចិត្តខ្លាំងណាស់ ដែលបានប្រកាសថា មូលនិធិរបស់ ជែក ម៉ា បានសហការជាមួយមូលនិធិរបស់ មែននី ប៉ាកគីអាវ ចែកឈុតពិនិត្យមេរោគវីរុសកូវីដ-19 នៅក្នុងប្រទេសហ្វីលីពីន ចំនួន 50,000ឈុត ដោយរឿងរ៉ាវដែលកើតឡើងនៅលើពិភពលោកថ្ងៃនេះ គ្មានអ្វីប្រសើរជាងការជួយសង្គ្រោះរវាងគ្នានឹងគ្នាឡើយ”
សម្រាប់ ប៉ាកគីអាវ អាយុ 41ឆ្នាំ ម្ចាស់ខ្សែក្រវាត់ជើងឯកពិភពលោកទម្ងន់ វែលធើរវេធ របស់សមាគមប្រដាល់ពិភពលោក(WBA) កាលពីពេលមុននេះ មានប្រូក្រាមវិលត្រឡប់ទៅកាន់សង្វៀនវិញនៅក្នុងឆ្នាំនេះ តែក៏ត្រូវបត់គម្រោងការនេះទុកបណ្ដោះអាសន្នសិន ក្រោយកើតការឆ្លងរាលដាលរបស់មេរោគវីរុសដ៏កំណាចនេះ។
ប្រភព៖ ព័ត៌មានបរទេស